ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បង្ហាញពីចេតនាក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបផ្ទាល់ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Donald Trump។ នេះបើតាមប្រភពព័ត៌មានចំនួន ៤ផ្សេងគ្នាដែលបានទទួលព័ត៌មាននេះបង្ហើបប្រាប់។
គួររំឮកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe គឺជាមេដឹកនាំបរទេសដំបូងគេបង្អស់ដែលមានជំនួបផ្ទាល់ជាមួយលោក Trump ក្រោយការប្រកាសពីជ័យជម្នះរបស់លោកកាលពីឆ្នាំ២០១៦ ហើយមេដឹកនាំទាំងពីរបានបន្តបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធ ដែលជួយដោះស្រាយបញ្ហាជាច្រើននៃទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ។
ប្រភពដែលសុំលាក់អត្តសញ្ញាណបានបង្ហើបថា ជប៉ុនមានបំណងរៀបចំជំនួបរវាងលោក Shigeru Ishiba និងលោក Donald Trump ភ្លាមៗ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកានេះ។ លោក Ishiba ដែលបានចូលកាន់តំណែងជាងមួយខែមកហើយនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកបានជជែកតាមទូរស័ព្ទរយៈពេលជាង ៥នាទីជាមួយលោក Trump នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះ នឹងព្យាយាមជំរុញឱ្យមានជំនួបផ្ទាល់នាពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។
រំឮកទៅកាលពីឆ្នាំ២០១៦ កាលណោះអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឈប់សំចតនៅឯទីក្រុង New York ដើម្បីជួបផ្ទាល់់ជាមួយលោក Trump ក្នុងជំនួបភ្លាមៗមួយនៅឯ Trump Tower ត្រឹមតែជាងមួយសប្តាហ៍បន្ទាប់ពីបញ្ចប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។ ទំនាក់ទំនងស្និទ្ធស្នាលរវាងមេដឹកនាំទាំងពីរបានជំរុញឱ្យមានភាពរលូនទៅលើកិច្ចការងារជាច្រើនក្នុងអាណត្តិដំបូងរបស់លោក Trump ជាពិសេសគឺជួយដោះស្រាយដល់ភាពខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តទាំងពីរលើកិច្ចការពាណិជ្ជកម្ម។
នៅមុនការបោះឆ្នោតឆ្នាំ២០២៤ ចូលមកដល់ គេសង្កេតឃើញថាភាគីជប៉ុនបានបង្កើនទំនាក់ទំនងឡើងវិញជាមួយបុគ្គលដែលមានភាពជិតស្និទជាមួយលោក Trump ខណៈជប៉ុនមានការបារម្ភថាបេក្ខភាពប្រធានាធិបតីរូបនេះអាចនឹងវាយប្រហារលើវិស័យពាណិជ្ជកម្មសាជាថ្មី ជាពិសេសគឺការដាក់ពន្ធធ្ងន់ឡើងលើការនាំចូលទំនិញនានាដូចជាដែកថែប និងមានការបារម្ភថាអាមេរិកអាចទាមទារឱ្យជប៉ុនចំណាយច្រើនជាងមុន ចំពោះការដាក់កងកម្លាំងអាមេរិកឈរជើងនៅក្នុងប្រទេស។
លោក Ishiba បានបង្ហាញការអបអរសាទរទៅកាន់លោក Trump កាលពីល្ងាចថ្ងៃពុធម្សិលមិញសម្រាប់ជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយជប៉ុនបានបង្ហាញក្ដីសង្ឃឹមថានឹងអាចធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក Trump ដើម្បីនាំយក «សម្ព័ន្ធភាព និងទំនាក់ទំនងជប៉ុន-អាមេរិកឆ្ពោះដល់កម្រិតថ្មីមួយទៀត»៕