មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើដំណើរទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រទេសចិន
មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះបានរាយការណ៍ថា មេដឹកនាំរបបយោធា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ ដែលនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅកាន់មហាអំណាចចិនដែលជាប្រទេសជិតខាង ចាប់តាំងពីលោកបានចូលកាន់តំណែងក្រោយរដ្ឋប្រហារ កាលពីឆ្នាំ២០២១ កន្លងទៅ។
គួរឱ្យដឹងថា មីយ៉ាន់ម៉ាបានស្ថិតក្នុងស្ថានភាពវឹកវរចាប់តាំងពីរដ្ឋប្រហារទម្លាក់មេដឹកនាំ លោកស្រី Aung San Suu Kyi ចេញពីតំណែង ស្របពេលនៅតាមបណ្ដោយព្រំដែនមីយ៉ាន់ម៉ា-ចិនក៏មានការប៉ះទង្គិចជាហូរហែរ ដោយក្រុមចលនាតស៊ូប្រដាប់អាវុធ ជាមួយកងជីវពលជនជាតិភាគតិចបានរួមគ្នាវាយប្រហារជាមួយកងកម្លាំងយោធា ក្នុងគោលដៅដណ្តើមកាន់កាប់ទឹកដីពីរដ្ឋាភិបាលយោធា។
បើតាមទូរទស្សន៍រដ្ឋ MRTV រាយការណ៍ថា លោក Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំកំពូលនៃមហាអនុតំបន់ទន្លេមេគង្គ និងកិច្ចប្រជុំយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady- Chao Phraya-Mekong (ACMECS) ក៏ដូចជានឹងចូលរួមកិច្ចប្រជុំរួមគ្នាជាមួយភាគីកម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ នៅទីក្រុងគុនមីង (Kunming)។ ប្រភពដដែលរាយការណ៍ថា លោក Min Aung Hlaing នឹងមានកិច្ចប្រជុំ និងជំនួបពិភាក្សាជាមួយអាជ្ញាធរចិន ក៏ដូចជាលើកិច្ចការពង្រឹងទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងវិស័យមួយចំនួនទៀត៕