ភ្នំពេញ : ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ នេះគឺជាសំណេរក្នុងទំព័រហ្វេកបុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។
ក្នុងសំណេរបានបន្តទៀតថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕