ជប៉ុន និងសហភាពអឺរ៉ុប នឹងប្រកាសកិច្ចសហការភាពជាដៃគូថ្មីលើវិស័យការពារជាតិនៅថ្ងៃទី០១ ខែវិច្ឆិកានេះ
អន្តរជាតិ៖ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកានេះ ជប៉ុន និងសហភាពអឺរ៉ុបបានប្រកាសពីភាពជាដៃគូសន្តិសុខថ្មីមួយ ដែលបណ្ដាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលើកឡើងថា ភាពជាដៃគូនេះនឹងបូកបញ្ចូលសមយុទ្ធយោធារួមគ្នាបន្ថែមទៀត កិច្ចសន្ទនារវាងមន្រ្តីជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មវិស័យការពារជាតិ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell នឹងជួបសមភាគីជប៉ុនលោក Takeshi Iwaya ដែលលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះកើតឡើងក្នុងពេលដែលជប៉ុន ក៏ដូចជាសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដែលមានភាពតានតឹង និងប្រកួតប្រជែងកាន់តែខ្លាំងឡើង។ យ៉ាងណាក្ដី ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបខាងលើមិនបានលើកឡើងចំៗពីភាគីចិននោះទេ ក៏ប៉ុន្តែជប៉ុនធ្លាប់បានចាត់ទុកចិនដែលជាអ្នកជិតខាង ថាជាប្រទេសដែលផ្តល់ការប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងបង្កើនសមត្ថភាពយោធារបស់នៅក្នុងតំបន់។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចចរចានៅទីក្រុងតូក្យូ លោក Josep Borrell ក៏នឹងបន្តវត្តមានឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ខណៈដំណើរទៅកាន់រដ្ឋធានីសេអ៊ូលលើកនេះត្រូវបានគេដឹងថា កិច្ចការងារពាក់ព័ន្ធជាមួយកូរ៉េខាងជើងនឹងក្លាយជារបៀបវារៈសំខាន់បំផុតនៃកិច្ចសន្ទនា។ ថ្មីៗនេះ សហរដ្ឋអាមេរិកប្រកាសថា ទាហានរបស់កូរ៉េខាងជើងរាប់ពាន់នាក់កំពុងមានវត្តមាននៅលើទឹកដីរុស្ស៊ី ជាពិសេសគឺដើម្បីត្រៀមខ្លួនប្រយុទ្ធក្នុងសមរភូមិនៅអ៊ុយក្រែន។ រឿងដោយឡែកមួយផ្សេងទៀតនោះគឺ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏ទើបតែបានបាញ់សាកល្បងមីស៊ីលថ្មី និងខ្លាំងបំផុតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីការគំរាមកំហែងទៅកាន់សហរដ្ឋអាមេរិកប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីចូលមកដល់។
ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ លោក Josep Borrell បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកឆ្ពោះទៅកាន់ប្រទេសដែលជាដៃគូជិតស្និទបំផុតទាំងពីរនៅឥណ្ឌូប៉ាស៊ីហ្វិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដើម្បីពង្រឹងការចូលរួមយ៉ាងសកម្មរបស់ខ្លួន។
ដោយឡែក រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeshi Iwaya ធ្លាប់បានថ្លែងកាលពីថ្ងៃអង្គារថា ភាពជាដៃគូសន្តិសុខ និងការពារជាតិជប៉ុន-សហភាពអឺរ៉ុប អាចនឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រនេះ ក្រោមគោលបំណងអភិវឌ្ឍបន្ថែម ធ្វើឱ្យស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាកិច្ចសន្ទនាលើវិស័យសន្តិសុខ និងការពារជាតិ។ លោក Iwaya ថ្លែងថា៖ "ជាពិសេស យើងមានការសម្លឹងឃើញអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខដែនសមុទ្រ លំហអាកាស សន្តិសុខតាមអ៊ីនធឺណិត និងការគំរាមកំហែងចម្រុះ រួមទាំងបញ្ហាពាក់ព័ន្ធនឹងព័ត៌មានមិនពិត ក៏ដូចជាការជ្រៀតជ្រែកពីបរទេសជាដើម"៕