តុលាការថៃបិទបញ្ចប់សំណុំរឿងដ៏ចម្រូងចម្រាស់របស់អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមម្នាក់ជុំវិញបទល្មើសប្រមាថសែស្រឡាយរាជវង្ស
ថៃ៖ ក្រុមមេធាវីការពារសិទ្ធិមនុស្សរបស់ថៃ (TLHR) ឱ្យដឹងថា តុលាការបានបិទបញ្ចប់នូវសំណុំរឿងរបស់អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Social media influencer) ម្នាក់ ពាក់ព័ន្ធនឹងបទល្មើសប៉ះពាល់ដល់អង្គព្រះមហាក្សត្រ នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (Online) មួយកាលពីជាង ២ឆ្នាំមុន។
នាង Thidaporn Chaokovieng ត្រូវបានចោទប្រកាន់ពីបទប្រមាថសែស្រឡាយរាជវង្ស ជុំវិញវីដេអូលើបណ្ដាញសង្គម Tik Tok មួយកាលពីឆ្នាំ២០២២ ដែលនាងបានផ្សព្វផ្សាយឱ្យក្រុមហ៊ុនលក់ទំនិញ Lazada ដែលវីដេអូនោះនាងបានស្លៀកសំលៀកបំពាក់សូត្របែបប្រពៃណីថៃ ហើយអង្គុយលើកៅអីរុញ។
ក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) និយាយថា ដើមបណ្តឹងបានចោទប្រកាន់ថាឃ្លីបវីដេអូនោះមានគោលបំណងចំអកដល់ដល់ព្រះអនុជនៃព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆរ៉ាឡុងកន (Maha Vajiralongkorn) គឺម្ចាស់ក្សត្រី Chulabhorn។ ក្រុមមេធាវី (TLHR) បន្ថែមថា តុលាការព្រហ្មទណ្ឌបានច្រានចោលសំណុំរឿងដែលចោទប្រកាន់លើតារាបណ្ដាញសង្គម វ័យ៣០ឆ្នាំខាងលើ ក្រោមមូលហេតុថា ព្រះមហាក្សត្រី Chulabhorn មិនមែនជាអ្នកស្នងរាជ្យបន្ទាប់។ ក្រុមមេធាវីនេះបានបញ្ជាក់លើបណ្ដាញសង្គម X ថា៖ "សកម្មភាពរបស់ជនត្រូវចោទមិនមែនជាបទល្មើស ហើយតុលាការសម្រេចច្រានចោលការចោទប្រកាន់នេះ"។
គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះមហាក្សត្រិយានី និងអ្នកស្នងរាជបល្ល័ង្គត្រូវបានការពារដោយច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដែលបទល្មើសនីមួយៗអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។
អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមម្នាក់ទៀតគឺលោក Anuwat Pratumklin ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រដូចគ្នា នៅលើការផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គមដែរនោះ ក៏ត្រូវបានរួចទោសនៅឆ្នាំ២០២៣ ផងដែរ។ ដោយឡែក ក្នុងករណីមួយផ្សេងទៀត នាង Kittikhun Thamakitirat ត្រូវបានតុលាការថៃចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដែលបច្ចុប្បន្ននាងកំពុងស្វែងរកសិទ្ធិជ្រកកោនបណ្ដោះអាសន្ននៅឯបរទេស។
ច្បាប់ការពារការប្រមាថអង្គព្រះមហាក្សត្ររបស់ប្រទេសថៃ កន្លងមកត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ជាយូរមកហើយ ដែលពួកគេបានលើកឡើងថា ច្បាប់នេះមានលក្ខណៈទូលំទូលាយពេក ហើយជានិច្ចកាលត្រូវបានអាជ្ញាធរប្រើប្រាស់ខុសពីគោលបំណងនៃច្បាប់ដើម្បីគាបសង្កត់ការជជែកខាងនយោបាយ។ យោងតាមមេធាវីសិទ្ធិមនុស្សរបស់ថៃ (TLHR) បានអះអាងថា មនុស្សយ៉ាងហោច ២៧០នាក់ត្រូវបានតុលាការកាត់ទោសដោយច្បាប់ការពារព្រះមហាក្សត្រ ចាប់តាំងពីឆ្នាំ២០២០មក៕