អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ីត្រូវបានចាប់ខ្លួននៅក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយក្នុងទំហំទឹកប្រាក់ប្រមាណ ២៥លានដុល្លារអាមេរិក
ឥណ្ឌូណេស៊ី៖ នៅថ្ងៃអង្គារ ទី២៩ អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Thomas Lembong ដែលបំពេញតួនាទីក្នុងអាណត្តិរបស់អតីតប្រធានាធិបតី Joko Widodo ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យជាជនសង្ស័យក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធនឹងការនាំចូលស្ករស ដែលគេជឿជាក់ថាបាននាំឱ្យមានការខាតបង់ថវិការដ្ឋប្រមាណជា ៤០០ពាន់លានរូពី (ឬប្រមាណជា ២៥,៥លានដុល្លារអាមេរិក)។
ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូណេស៊ីបានរាយការណ៍ថា អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Thomas Lembong ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយសង្ស័យថាលោកជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធនឹងការនាំចូលស្ករស ក្នុងអំឡុងការដឹកនាំក្រសួងពាណិជ្ជកម្មរបស់លោកនាឆ្នាំ២០១៥ និងឆ្នាំ២០១៦។ គួរឱ្យដឹងថា លោក Thomas បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំឡុងខែសីហា ឆ្នាំ២០១៥ ដល់ខែកក្កដា ឆ្នាំ២០១៦។
សំណុំរឿងរបស់លោក Thomas ត្រូវបានការិយាល័យអគ្គមេធាវី (AGO) ចោទប្រកាន់ថាបានចេញលិខិតអនុញ្ញាតនាំចូលស្ករគ្រីស្តាល់ក្រហមចំនួន ១០៥,០០០តោន កាលពីឆ្នាំ២០១៥ ដែលការចោទប្រកាន់អះអាងថា លោកបានដឹងអំពីចំនួននៃការផ្គត់ផ្គង់ក្នុងស្រុកមានច្រើនលើសលុបក្នុងតម្រូវការទីផ្សារទៅហើយ។ ការអនុញ្ញាតពីសំណាក់ក្រសួងពាណិជ្ជកម្មនេះបានបំពានទៅលើបទប្បញ្ញត្តិពាណិជ្ជកម្ម និងឧស្សាហកម្មឆ្នាំ២០០៤ ដែលចែងថាមានតែសហគ្រាសរដ្ឋ (SOE) ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យនាំចូលស្ករឆៅ។
ការិយាល័យអគ្គមេធាវីឥណ្ឌូណេស៊ី (AGO) ក៏បានច្រានចោល និងអះអាងថា ការចាប់ខ្លួនអតីតរដ្ឋមន្រ្តីរូបនេះមិនមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយនោះឡើយ។ ប្រធានផ្នែកស៊ើបអង្កេតរបស់ AGO លោក Abdul Qohar បាននិយាយថាដំណើរការនៃសំណុំរឿងនេះត្រូវបានអនុវត្តដោយស្របតាមនីតិវិធីច្បាប់។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយបានដកស្រង់សំដីលោក Abdul Qohar ដែលបានថ្លែងថា៖ «ជនល្មើសជាអ្នកណា នៅពេលដែលភស្តុតាងរឹងមាំបង្ហាញចេញមក មន្រ្តីស៊ើបអង្កេតនឹងចាត់ទុកបុគ្គលនោះជាជនសង្ស័យ»។
ការចាប់ខ្លួនលោក Thomas ត្រូវបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៣ ដែលមានសាក្សីបំភ្លឺប្រមាណ ៩០នាក់។ អតីតរដ្ឋមន្ត្រីរូបនេះត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅមន្ទីរឃុំឃាំង Salemba ក្នុងរដ្ឋធានី Jakarta កាលពីថ្ងៃទី២៩ ខែតុលា រួមជាមួយនឹងជនសង្ស័យម្នាក់ទៀតដែលត្រូវបានគេស្គាល់ថាជានាយកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនពាណិជ្ជកម្មរដ្ឋ PPI។
នៅខែមករា ឆ្នាំ២០១៦ លោក Thomas ត្រូវបានគេចោទប្រកាន់ថា លោកបានចុះហត្ថលេខាលើលិខិតមួយដោយបញ្ជាឱ្យ PPI ក្លាយជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ (SOE) ដើម្បីបំពេញតម្រូវការស្ករសក្នុងស្រុក និងធានាស្ថិរភាពតម្លៃទំនិញនៅក្នុងប្រទេស។ ក្រុមហ៊ុន PPI ក៏ត្រូវបានប្រគល់ភារកិច្ចឱ្យបំពេញការងារជាមួយរោងចក្រស្ករសជាតិដើម្បីផលិតស្ករសចំនួន ៣០០,០០០តោន។ ក្រុមហ៊ុន PPI បានសហការជាមួយក្រុមហ៊ុនស្ករឯកជនយ៉ាងហោចណាស់ចំនួន ៨ក្រុមហ៊ុនផ្សេងទៀត។
ក្រុមស៊ើបអង្កេតនៃការិយាល័យអគ្គមេធាវីឥណ្ឌូណេស៊ីបន្ថែមទៀតថា ក្រុមហ៊ុន PPI បានទិញយកស្ករ-សដែលផ្គត់ផ្គង់ពីក្រុមហ៊ុនឯកជនទាំងនោះក្នុងតម្លៃខ្ពស់ជាងទីផ្សារធម្មតាទៅទៀត ដែលនាំឱ្យមានការខាតបង់ថវិការដ្ឋ។ ពាក់ព័ន្ធនឹងអំពើពុករលួយខាងលើនេះត្រូវគេប៉ាន់ប្រមាណថាមានទំហំប្រហែល ២៥,៥លានដុល្លារអាមេរិក ដែលការិយាល័យអគ្គមេធាវីឥណ្ឌូណេស៊ី (AGO) បន្ថែមថា ប្រាក់ចំណេញដែលខាតបង់បានទៅលើក្រុមហ៊ុនឯកជនទាំងនោះ គួរតែត្រូវបានចំណេញចូលមកក្រុមហ៊ុនរដ្ឋ PPI៕