កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

នាយករដ្ឋមន្ត្រីកម្ពុជា សូមអំពាវនាវឱ្យបង្កើតអនាគតបៃតងរួមគ្នាមួយប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់ចោលនោះឡើយ

ភ្នំពេញ៖ ក្នុងបរិការណ៍ដែលបណ្តាប្រទេសជាច្រើន បាននិងកំពុងគិតគូររៀបចំផែនការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុបរិស្ថាន» នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។

សម្តេចតេជោ ហ៊ុន សែន បានហៅការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឱ្យយើងទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ដែលទាមទារឱ្យបន្តមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិតគូរជាប់ជានិច្ច ក្នុងការស្វែងរកដំណោះស្រាយសកលរួម ។

បញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បងនិងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែងដល់សុខភាពមនុស្ស, សន្តិសុខស្បៀង, ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី ជារួម ជាពិសេសតាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃជាដើម ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពល ឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត, អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន»។

ជាមួយគ្នានេះ, ការអភិវឌ្ឍថាមពលកាបូនទាប ដូចជាបច្ចេកវិទ្យាធ្យូងថ្មស្អាត ការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអ៊ីដ្រូហ្សែនពីធ្យូងថ្ម ជាដើម នឹងក្លាយជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ ។

សម្តេចតេជោបានបន្តទៀតថា ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប, រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួមប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន”។

គួរបញ្ចាក់ផងដែរថាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនូវរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័នកាបូនិក ត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១នេះ។ ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ។ នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវផងដែរ ឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង, ការកាត់បន្ថយការបញ្ចេញកាបូន និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប ។

ទន្ទឹមនេះនាយករដ្ឋមន្ត្រីកម្ពុជាបានកត់សម្គាល់ដោយយកចិត្តទុកដាក់ផងដែរនូវគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូននៅក្នុងប្រទេសចិន ។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ។

កម្ពុជាបានចាត់ទុកឥណទាន កាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានាដែលមានចំណាប់អារម្មណ៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក