អគ្គលេខាធិការ UN ផ្ញើសារទៅនាយករដ្ឋមន្រ្តីអ៊ីស្រាអែលក្នុងបំណងជំទាស់ទៅនឹងបំរាមលើទីភ្នាក់ងារ UNRWA
អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី៣០ ខែតុលានេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលអគ្គលេខាធិការ UN មានបំណងជំទាស់ទៅនឹងច្បាប់ថ្មីរបស់អ៊ីស្រាអែលដែលនឹងអាចប៉ះពាល់ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលទទួលខុសត្រូវក្នុងការជួយជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ថា (UNRWA) ។
បទប្បញ្ញត្តិដែលត្រូវបានអនុម័តដោយសភាអ៊ីស្រាអែលបានហាមឃាត់ទីភ្នាក់ងារអង្គការសហប្រជាជាតិ មិនឱ្យធ្វើប្រតិបត្តិការនៅលើទឹកដីអ៊ីស្រាអែល ក៏ដូចជានៅលើទឹកដីទីក្រុង Jerusalem ខាងកើត និងបានរារាំង UNRWA ពីការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដែលវាអាចជះឥទ្ធិពលនាំឱ្យមានការបញ្ចប់កិច្ចការងាររបស់ភ្នាក់ងារនៃអង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា និងតំបន់ West Bank។
គួរឱ្យដឹងថា កន្លងមកអ៊ីស្រាអែលមានជម្លោះរ៉ាំរ៉ៃជាមួយ UNRWA ជាយូរមកហើយ និងបានចោទប្រកាន់បុគ្គលិកនៃអង្គការនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែលដែលនាំឱ្យមានសង្គ្រាមចាប់តាំងពីថ្ងៃទី០៧ ខែតុលាមកដល់បច្ចុប្បន្ន។ ការហាមប្រាមលើអង្គការ UNRWA គ្រោងនឹងអនុវត្តនៅក្នុងរយៈពេល ៣ខែខាងមុខ។
ប្រភពពី AFP បានឱ្យដឹងថា នៅក្នុងសំបុត្រខាងលើ លោក Antonio Guterres ថ្លែងថា ច្បាប់ដែលនឹងត្រូវអនុវត្តនឹងជះផលវិបាកដ៏អាក្រក់សម្រាប់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank ដោយសារតែមិនមានជម្រើសសមហេតុផលសម្រាប់ UNRWA សម្រាប់ការផ្តល់ជំនួយ ដល់ប្រជាជនដែលត្រូវការ។ លោក Guterres ថ្លែងថា៖ "ខ្ញុំសូមអំពាវនាវដល់អ្នក (លោក Netanyahu) និងរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យទប់ស្កាត់ផលវិបាកដ៏អាក្រក់នេះ និងអនុញ្ញាតឱ្យ UNRWA បន្តអនុវត្តសកម្មភាពការងាររបស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីនដែល (អ៊ីស្រាអែល) កំពុងកាន់កាប់ រួមទាំងទីក្រុង Jerusalem ខាងកើត ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ"។
ទីភ្នាក់ងារ UNRWA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីការផ្ទុះឡើងនូវសង្រ្គាមអារ៉ាប់-អ៊ីស្រាអែលលើកដំបូង មិនយូរប៉ុន្មានបន្ទាប់ពីការបង្កើតឡើងនូវរដ្ឋអ៊ីស្រាអែលក្នុងខែឧសភា ឆ្នាំ១៩៤៨ និងនាំឱ្យមានការការផ្លាស់ទីលំនៅដ៏ធំរបស់ជនជាតិប៉ាឡេស្ទីននៅពេលនោះ៕