ប្រធានាធិបតីឥណ្ឌូណេស៊ីចង់សម្រេចឱ្យបាននូវហេដ្ឋារចនាសម្ព័ន្ធអគារសំខាន់ៗរបស់រដ្ឋាភិបាលនៅរដ្ឋធានីថ្មីត្រឹមរយៈពេល ៤ឆ្នាំ
ឥណ្ឌូណេស៊ី៖ មេដឹកនាំថ្មីឥណ្ឌូណេស៊ី លោក Prabowo Subianto មានបំណងចង់សម្រេចឱ្យបាននូវហេដ្ឋារចនាសម្ព័ន្ធអគារសំខាន់ៗរបស់រដ្ឋាភិបាល និងសភាជាតិនៅក្នុងរដ្ឋធានីថ្មីក្នុងរយៈពេលត្រឹម ៤ឆ្នាំខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្រ្តីមួយរូបនៃគណៈរដ្ឋមន្រ្តីឥណ្ឌូណេស៊ី។
គម្រោងរដ្ឋធានី ដែលជាគំនិតផ្តួចផ្តើមរបស់អតីតប្រធានាធិបតី Joko Widodo ដែលជាគម្រោងផ្លាស់ប្ដូរទីតាំងរដ្ឋបាលនៃរដ្ឋាភិបាលមានចម្ងាយប្រមាណជាង ១,២០០គីឡូម៉ែត្រពីរដ្ឋធានីចាកាតាបច្ចុប្បន្ន ដែលកំពុងប្រឈមមុខនឹងការជន់លិចបន្តិចម្តងៗ ខណៈទីតាំងរដ្ឋធានីថ្មីមានឈ្មោះថា « នូសានតារ៉ា - Nusantara » ដែលមានទីតាំងស្ថិតនៅលើកោះបរនេអូ (Borneo)។
រដ្ឋមន្ត្រីក្រសួងព្រៃឈើលោក Raja Juli Antoni បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលានេះថា "លោកប្រធានាធិបតី Prabowo ក៏មានក្ដីសង្ឃឹមថា ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីនាឆ្នាំ២០២៩ នឹងអាចត្រូវបានធ្វើឡើងនៅរដ្ឋធានី Nusantara"។ ការថ្លែងពីចេតនារបស់លោកប្រធានាធិបតីយ៉ាងដូច្នេះ ត្រូវបានគេជឿជាក់ថាប្រធានាធិបតីថ្មី លោក Prabowo ក៏នឹងជម្រុញយ៉ាងពេញលេញទៅគម្រោងរដ្ឋធានីថ្មីនេះ ដូចគ្នាទៅនឹងអតីតប្រធានាធិបតី Joko Widodo ផងដែរ ដែលវាជាផ្នែកមួយនៃការឃោសនាបោះឆ្នោតរបស់លោក Prabowo ផងដែរ។
លោក Raja Juli ថ្លែងបន្តថា៖ "សម្រាប់គាត់ (លោក Prabowo) រដ្ឋធានី Nusantara គឺជារដ្ឋធានីនៃនយោបាយ។ នោះហើយជាមូលហេតុដែលក្នុងរយៈពេល ៤ឆ្នាំខាងមុខ ក្រៅពីអគាររដ្ឋាភិបាល យើងត្រូវបំពេញបន្ថែមនូវអគារជាតម្រូវការសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងតុលាការ។" អគាររដ្ឋាភិបាលសំខាន់ៗ ដូចជាវិមានប្រធានាធិបតី និងនិវេសនដ្ឋានរបស់មន្ត្រីរដ្ឋមួយចំនួនត្រូវបានបញ្ចប់នាពេលថ្មីៗនេះ ខណៈដែលផ្លូវល្បឿនលឿន (បង់ប្រាក់) និងការសាងសង់ព្រលានយន្តហោះកំពុងដំណើរការ។
ចាប់តាំងពីការដ្ឋានសាងសង់បានចាប់ដំណើរការនៅឆ្នាំ២០២២ គម្រោងនេះបានជួបប្រទះការលំបាកក្នុងការទាក់ទាញការវិនិយោគពីបរទេស ដែលនឹងជួយពន្លឿនដំណើរការនៃទីក្រុងនេះ។ គម្រោងរដ្ឋធានីថ្មីនេះបានទទួលការវិនិយោគពីបរទេសជាលើកដំបូងកាលពីខែកញ្ញា នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យចិន Delonix Group បានវិនិយោគប្រាក់ចំនួន ៥០០ ពាន់លានរូពី (ស្មើនឹងជាង ៣១.៨០លានដុល្លារអាមេរិក) ដើម្បីសាងសង់សណ្ឋាគារ និងអគារការិយាល័យនៅទីតាំងនេះ៕