ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ថានការណ៍នយោបាយនៅជប៉ុនហាក់ស្ថិតក្នុងភាពច្របូកច្របល់ ដោយគ្មានគណបក្សណាឈ្នះសំឡេងភាគច្រើនដាច់ខាតក្នុងសភា

ជប៉ុន៖ ការបង្កើតរដ្ឋាភិបាលថ្មីនាពេលខាងមុខហាក់ស្ថិតក្នុងភាពច្របូកច្របល់ បន្ទាប់ពីលទ្ធផលបោះឆ្នោតបានបង្ហាញនៅថ្ងៃចន្ទនេះថា គ្មានគណបក្សណាមួយមានឥទ្ធិពលពេញលេញក្នុងការដឹកនាំរដ្ឋាភិបាលនៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីបួនរបស់ពិភពលោកនេះបានឡើយ។

ភាពមិនប្រាកដប្រជាផ្នែកនយោបាយ បានបណ្ដាលឱ្យរូបិយប័ណ្ណយ៉េន (Yen) របស់ជប៉ុនធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលបីខែ ខណៈអ្នកវិភាគបានត្រៀមជាច្រើនថ្ងៃ ឬអាចឈានដល់ជាច្រើនសប្តាហ៍ជុំវិញភាពរង្គោះរង្គើនយោបាយ ជាពិសេសការឈានឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មី ដែលគេជឿជាក់ថាទំនងជានឹងមានការផ្លាស់ប្ដូរមេដឹកនាំផងដែរ។ 

បញ្ហាព្រមៗគ្នាបានកើតមានឡើង ចំពេលដែលជប៉ុនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ស្ថានភាពសន្តិសុខដ៏តានតឹងដែលបង្កឡើងដោយចិន និងកូរ៉េខាងជើង ក៏ដូចជារយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះមុនការឈានមកដល់នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ដែលលទ្ធផលអាចនឹងពិបាកក្នុងការរំពឹងទុកជាមុន។ គណបក្សសេរីប្រជាធិបតេយ្យ (LDP) របស់លោក Shigeru Ishiba និងគណបក្សជាដៃគូសម្ព័ន្ធភាពរបស់ខ្លួនគឺ Komeito ទទួលបានសំឡេងសរុប ២១៥ អាសនៈប៉ុណ្ណោះក្នុងសភាជាន់ទាប ធ្លាក់ចុះពីសំឡេងគាំទ្រចំនួន ២៧៩អាសនៈ ដែលជាកត្តាជះឥទ្ធិពលមកពីរឿងអាស្រូវថវិកាជាតិ និងការចំណាយលើការរស់នៅរបស់ពលរដ្ឋខ្ពស់ខ្លាំង។

លទ្ធផលនៃការបោះឆ្នោតបានបង្ហាញពីជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន (CDPJ) ដែលជាគណបក្សប្រឆាំងធំបំផុតទទួលបានសំឡេងគាំទ្រសរុបចំនួន ១៤៨អាសនៈ កើនឡើងពីអាណត្តិមុនដែលមានសំឡេងគាំទ្រត្រឹម ៩៨អាសនៈ ប៉ុន្តែគ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាតស្មើនឹង ២៣៣អាសនៈនោះឡើយ។ 

ដូចដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ គណបក្សឈ្នះឆ្នោតមានរយៈពេល ៣០ថ្ងៃសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី និងត្រូវផ្គូផ្គងសមាសភាពដែលនឹងត្រូវដឹកនាំរដ្ឋាភិបាលថ្មី ដែលនេះនឹងក្លាយជាសមីការថ្មីដ៏គួរឱ្យឈឺក្បាលសម្រាប់លោក Ishiba ដែលទើបចូលកាន់តំណែងមិនដល់ ១ខែផង ដែលលោកនឹងត្រូវចរចាជាមួយភាគីគណបក្សនយោបាយផ្សេងៗ រាប់ទាំងគណបក្សតូចៗផង ដែលសុទ្ធតែអាចមានសន្លឹកបៀរក្នុងដៃលើការចរចាបង្កើតរដ្ឋាភិបាលថ្មីនេះ។ 

លោក Shigeru Ishiba គ្រោងនឹងរៀបចំសន្និសីទសារព័ត៌មាននៅម៉ោង ២រសៀល (ម៉ោងនៅជប៉ុន) នាថ្ងៃចន្ទ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន រួមមាន Jiji និងកាសែត Yomiuri ឱ្យដឹងថា នៅមុនការបោះឆ្នោតចូលមកដល់ គណបក្ស LDP គ្រោងនឹងកោះប្រជុំសភានៅថ្ងៃទី៧ ខែវិច្ឆិកានេះ ដើម្បីអនុម័តអំពីសមាសភាពនាយករដ្ឋមន្រ្តី។ 

ដោយឡែក មេដឹកនាំគណបក្ស CDPJ លោក Yoshihiko Noda ថ្លែងថា លោកនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដើម្បីព្យាយាម និងបណ្តេញអ្នកកាន់អំណាច ទោះបីជាក្រុមអ្នកវិភាគយល់ឃើញថា វាហាក់បីដូចជារឿងដែលមិនអាចទៅរួចក៏ដោយ។ កន្លងមក គណបក្ស LDP របស់ជប៉ុនបានគ្រប់គ្រង និងដឹកនាំប្រទេសជប៉ុនស្ទើរតែទាំងស្រុងនៃប្រវត្តិសាស្រ្តក្រោយសង្គ្រាមរបស់ខ្លួន ហើយលទ្ធផលនៃការបោះឆ្នោតនេះបានកត់សម្គាល់ថាជាលទ្ធផលដ៏អាក្រក់បំផុតរបស់ LDP ចាប់តាំងពីគណបក្សនេះធ្លាប់បានបាត់បង់អំណាចមួយរយៈពេលខ្លីក្នុងឆ្នាំ២០០៩ ដែលកាលណោះគណបក្ស CDPJ ជាអ្នកដឹកនាំរដ្ឋាភិបាល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក