ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងារជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ឆ្នាំង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ក្រោមអធិបតីភាពលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក., លោក មាស សុកែវ សមាជិកនៃ អ.ដ.ក., លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, រដ្ឋបាលក្រុង ស្រុក, តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជា ១៤០ រូប។

ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ជិន ម៉ាលីន បានលើកឡើង អំពីគោលបំណងនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. ដែលជាយន្តការថ្នាក់ជាតិមួយ ធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ អាជ្ញាធរជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ទន្ទឹមនេះ លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំងទាំងអស់ ឱ្យជួយធ្វើការផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃអ.ដ.ក. នេះ។

សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៧ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ហើយនៅពេលខាងមុខ អ.ដ.ក. នឹងបន្តអនុវត្ត “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” របស់ខ្លួន ឱ្យបានដល់គ្រប់រដ្ឋបាលរាជធានី ខេត្តទាំងអស់ ទូទាំងប្រទេស។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក