វិវាទពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការទាមទារបែងចែកភាគលាភតាមកិច្ចសន្យាចូលហ៊ុនគ្នា ១ករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក.
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អ.ដ.ក. លោកស្រី ចាន់ ផូវឌ្ឍនៈ និងលោក ហួន សុខនីម និងដោយមានការគាំទ្របច្ចេកទេសសម្រុះសម្រួលផ្សះផ្សាដោយលោកជំទាវ ជា វាសនា សមាជិកនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទ ១ ករណី ពាក់ព័ន្ធនឹងការទាមទារបែងចែកភាគលាភប្រាក់ចំណេញតាមកិច្ចសន្យាក្រុមហ៊ុន (ការចូលហ៊ុន) ម៉ៅការសាងសង់។
ករណីវិវាទខាងលើនេះ បានកើតឡើងដោយសារតែការមិនឯកភាពគ្នា លេីការបែងចែកភាគលាភប្រាក់ចំណេញតាមកិច្ចសន្យាក្រុមហ៊ុន (ការចូលហ៊ុន) អនុវត្តគម្រោងម៉ៅការសំណង់មួយកន្លែង តាំងពីឆ្នាំ២០១៦ មកម៉្លេះ។ កន្លងមកចំពោះវិវាទនេះ ភាគីវិវាទធ្លាប់បានព្យាយាមរកដំណោះស្រាយ តាមមធ្យោបាយផ្សេងៗ ជាច្រើន និងនៅតាមស្ថាប័ននានា ប៉ុន្តែ វិវាទនេះនៅតែពុំត្រូវបានដោះស្រាយដោយជោគជ័យនោះឡើយ។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីភាគីវិវាទ, អ.ដ.ក.បានធ្វើការពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានព្យាយាមទំនាក់ទំនងគូភាគីវិវាទ និងធ្វើការសម្របសម្រួលផ្សះផ្សាវិវាទរបស់ពួកគាត់ រហូតឈានដល់ការព្រមព្រៀងបញ្ចប់វិវាទ ស្របតាមឆន្ទៈរបស់ភាគីទាំងពីរ។
ភាគីទាំងពីរបានធ្វើការផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។