មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចុះត្រួតពិនិត្យលើទីតាំងមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្ររបស់ខ្លួន
កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចុះត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រមួយ ខណៈនៅថ្ងៃទី២៣ ខែតុលានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ចេញនូវរូបថតនៃមេដឹកនាំរបស់ខ្លួនកំពុងពិនិត្យមើលការដឹកជញ្ជូន និងការត្រៀមលក្ខណៈក្នុងការបាញ់បង្ហោះអាវុធអន្តរទ្វីបដ៏ធំ និងមានឥទ្ធិពលបំផុតរបស់រដ្ឋឯកោមួយនេះ។
ដំណើរទស្សនកិច្ចរបស់លោក Kim កើតឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងអះអាងថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពក្នុង "ទ្រង់ទ្រាយធំ" ទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួយដល់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការពង្រឹងសម្ព័ន្ធភាពយោធានៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងជាមួយទីក្រុងម៉ូស្គូ។
ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា លោក Kim Jong Un បានពិនិត្យលើការត្រៀមខ្លួនសម្រាប់សកម្មភាពជាយុទ្ធសាស្រ្ត ដែលមានទំនាក់ទំនងដោយផ្ទាល់ និងយ៉ាងសំខាន់ជាមួយសន្តិសុខរបស់កូរ៉េខាងជើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែលនេះបានបង្ហាញនូវរូបភាព មេដឹកនាំរបស់ខ្លួនពាក់អាវស្បែកខ្មៅតាមទម្លាប់របស់លោក និងឈរនៅពីមុខកាំជ្រួចមីស៊ីលអន្តរទ្វីប Hwasong-18 ដ៏ធំសម្បើម។
មិនត្រឹមតែប៉ុណ្ណោះ លោក Kim ក៏ត្រូវបានគេបង្ហាញរូបភាពថតជាមួយកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ Hypersonic ដែលគេទទួលស្គាល់ថាមានបច្ចេកវិទ្យាកំពូល និងលំបាកក្នុងការស្ទាក់ចាប់។ មិនត្រឹមតែប៉ុណ្ណោះ KCNA ក៏បានរាយការណ៍ផងដែរថា លោក Kim Jung Un បានត្រួតពិនិត្យ "មុខងារ និងសមត្ថភាពសំខាន់ៗនៃគ្រឿងបរិក្ខារទាក់ទងនឹងការបាញ់បង្ហោះនៅក្នុងមូលដ្ឋានមីស៊ីល"។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Kim បានសាទរ និងចាត់ទុកកងកម្លាំងមីស៊ីលរបស់ខ្លួនសម្រាប់ "តួនាទីដ៏សំខាន់" ក្នុងការទប់ស្កាត់សង្គ្រាម និងការឈ្លានពានពីសត្រូវ និងបានចាត់ទុកថាកិច្ចការងារមីស៊ីលរបស់ខ្លួនគឺជាអាទិភាពកំពូលរបស់កូរ៉េខាងជើង។ ទន្ទឹមនឹងវត្តមានមេដឹកនាំកំពូល សារព័ត៌មាន KCNA ក៏បានបញ្ជាក់ពីវត្តមានលោកស្រី Kim Yo Jong ជាប្អូនស្រីរបស់លោក Kim Jung Un និងជាអ្នកមានឥទ្ធិពលបំផុតម្នាក់ អមដំណើរដោយមន្រ្តីយោធាកំពូលៗជាច្រើនទៀត៕