សាកលវិទ្យាល័យលំដាប់កំពូលឥណ្ឌូណេស៊ីចេញបំភ្លឺជុំវិញការចោទប្រកាន់លើលក្ខខណ្ឌសញ្ញាបត្របណ្ឌិតរបស់រដ្ឋមន្រ្តីថាមពល និងធនធានរ៉ែ
ឥណ្ឌូណេស៊ី៖ ស្របពេលមានការផ្សព្វផ្សាយ និងចែករំលែកតៗគ្នាជុំវិញសញ្ញាបត្ររបស់រដ្ឋមន្រ្តីថាមពល និងធនធានរ៉ែពីសាកលវិទ្យាល័យក្នុងស្រុកលំដាប់កំពូលមួយ ដែលគេបានចោទជាចម្ងល់ថា តើលោករដ្ឋមន្រ្តីរូបនេះពិតជាបានបំពេញទៅតាម «តម្រូវការរដ្ឋបាល និងកម្មវិធីសិក្សាទាំងអស់» ដើម្បីទទួលបានសញ្ញាបត្រកម្រិតបណ្ឌិតនេះឬយ៉ាងណា? សាកលវិទ្យាល័យឥណ្ឌូណេស៊ី (University of Indonesia) ឬហៅកាត់ថា UI បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃចន្ទម្សិលមិញនេះថា រដ្ឋមន្ត្រីថាមពល និងធនធានរ៉ែ លោក Bahlil Lahadalia បានបំពេញតាម "តម្រូវការនៃការបោះពុម្ពផ្សាយស្នាដៃ" ដែលជាតម្រូវការចាំបាច់នៃដើម្បីបញ្ចប់ការសិក្សាពីកម្មវិធីស្រាវជ្រាវថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យពិតមែន។
នៅក្នុងសេចក្ដីប្រកាស សាកលវិទ្យាល័យឥណ្ឌូណេស៊ី (UI) បញ្ជាក់ថា លោក Bahlil បានអនុវត្ត និងបញ្ចប់តាមដំណាក់កាលចាំបាច់ទាំងអស់របស់និស្សិតក្នុងវិធីសាស្រ្តនៃការស្រាវជ្រាវតាមកម្មវិធីរបស់សាលា និងកម្មវិធីសិក្សាជាសកល ដោយសាកលវិទ្យាល័យបញ្ជាក់ថា លោក Bahlil បានចាប់ផ្តើមកម្មវិធីសិក្សានៅឆ្នាំ២០២២។ គួរឱ្យដឹងថា រឿងរ៉ាវចម្រូងចម្រាស់នេះបានកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយរាយការណ៍ថា ការបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់រដ្ឋមន្រ្តីខាងលើកាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ ហាក់មានពេលវេលាខ្លីពេកបើធៀបទៅនឹងកម្មវិធីសិក្សាថ្នាក់បណ្ឌិតទូទៅ។ លោក Bahlil Lahadalia បានបញ្ចប់ថ្នាក់បណ្ឌិតដោយចំណាយពេលត្រឹម ១ឆ្នាំ និង ៨ខែ ដែលជាទូទៅគេត្រូវចំណាយពេល ៣ឆ្នាំ។
កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានក្រុមប្រឹក្សាភិបាល និងជាសាស្ត្រាចារ្យច្បាប់របស់សាកលវិទ្យាល័យ លោកស្រី Harkristuti Harkrisnowo ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យបានបង្កើតក្រុមការងារមួយ "ដើម្បីពិនិត្យមើលបន្ថែមលើភាពមិនប្រក្រតីនៃករណីនេះ"។ ការឆ្លើយតបនេះបន្ទាប់ពីមានក្រុមអតីតនិស្សិតនៃសាកលវិទ្យាល័យ UI បានចាប់ផ្តើមដំណើរការដាក់ញ្ញត្តិកាលពីថ្ងៃទី១៧ ខែតុលា នៅលើគេហទំព័រដាក់ញ្ញត្តិមួយដែលទាមទារឱ្យមានក្រុមការងារឯករាជ្យដើម្បីចាប់ផ្តើមការស៊ើបអង្កេតពេញលេញលើការចោទប្រកាន់ថា លោករដ្ឋមន្រ្តីខាងលើបានទិញយកសញ្ញាបត្របណ្ឌិតនេះឬយ៉ាងណា។
ញ្ញត្តិដែលត្រូវបានដាក់នេះទាមទារឱ្យសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៊ីនេះដកហូតសញ្ញាបត្ររបស់លោក Bahlil ប្រសិនបើការស៊ើបអង្កេតរកឃើញ សញ្ញាបត្រខាងលើពិតជាបានផ្តល់ឱ្យតាមរយៈការរំលោភលើបទប្បញ្ញត្តិដែលកំណត់ដោយស្ដង់ដារនៃសាកលវិទ្យាល័យ។ គិតត្រឹមថ្ងៃទី២២ ខែតុលានេះ ញ្ញត្តិខាងលើត្រូវបានចុះហត្ថលេខាដោយមនុស្សជាង ៩,៧០០នាក់។
យ៉ាងណាមិញ នៅថ្ងៃចន្ទនេះ សាកលវិទ្យាល័យ UI បានចេញមកបំភ្លឺថា លោក Bahlil Lahadalia មិនមែនជានិស្សិតដំបូងគេដែលបានបញ្ចប់ការសិក្សាក្នុងរយៈពេលតិចជាងពីរឆ្នាំនោះឡើយ ខណៈសាកលវិទ្យាល័យបានអំពាវនាវទៅកាន់សាធារណជនកុំឱ្យផ្សព្វផ្សាយព័ត៌មានមិនពិត។ សាកលវិទ្យាល័យ UI បញ្ជាក់ថា "ទាក់ទងនឹងរយៈពេលនៃការសិក្សា, លោក Bahlil បានចាប់ផ្តើមការសិក្សានៅឆ្នាំ២០២២ និងបានបញ្ចប់ការសិក្សារយៈពេល ៤ ឆមាស។ គួរកត់សំគាល់ផងដែរថា មុនការទទួលសញ្ញាបត្ររបស់លោក Bahlil ទៅទៀត, សាកលវិទ្យាល័យ UI បានផ្តល់សញ្ញាបត្របណ្ឌិតដល់និស្សិតម្នាក់ទៀតគឺលោកបណ្ឌិត Sugeng Purwanto ដែលបានចំណាយពេលសិក្សាត្រឹម ១៣ខែ និង ២៦ថ្ងៃ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅ លោក Bahlil Lahadalia ត្រូវបានប្រកាសថា លោកនឹងមានមុខតំណែងក្នុងគណៈរដ្ឋមន្រ្តីថ្មីរបស់លោកប្រធានាធិបតី Prabowo Subianto។ នៅក្នុងគណៈរដ្ឋមន្រ្តីថ្មីនេះ លោក Bahlil នឹងនៅតែទទួលបន្ទុកជារដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ ដែលលោកបានចូលកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២៤ ក្នុងគណៈរដ្ឋមន្រ្តីរបស់អតីតប្រធានាធិបតី Joko Widodo។ មុនកាន់តំណែងនេះ លោក ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីកិច្ចការវិនិយោគរបស់ឥណ្ឌូណេស៊ី ចាប់តាំងពីខែមេសា ឆ្នាំ២០២១ មក៕