គុយបារងហានិភ័យពីព្យុះថ្មីនៅថ្ងៃចន្ទនេះ ស្របពេលវិបត្តិដាច់អគ្គិសនីទ្រង់ទ្រាយធំឈានចូលដល់ថ្ងៃទី៣
គុយបា៖ ព្យុះ Hurricane ឈ្មោះ Oscar បានបង្កើនការបោកបក់នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលានេះទៅលើប្រទេសគុយបា ដែលហាក់ដូចជាការបន្ថែមនូវភាពវឹកវរ និងវិបត្តិបន្ថែមទៀតក្នុងគ្រាដែលប្រទេសនេះកំពុងជួបវិបត្តិដាច់អគ្គិសនីទ្រង់ទ្រាយធំទូទាំងប្រទេសរយៈពេល ៣ថ្ងៃជាប់គ្នាមកហើយ។
សម្ពាធកាន់តែខ្លាំងឡើងលើរដ្ឋាភិបាល និងប្រជាជនគុយបា បន្ទាប់ពីវត្តមានព្យុះ Oscar បានចូលមកដល់ ក្រោយពេលមានហេតុការណ៍ផ្អាកដំណើរការនៃរោងចក្រថាមពលដ៏ធំបំផុតរបស់គុយបាកាលពីថ្ងៃសុក្រ ដែលបានធ្វើឱ្យមានការខូចខាតលើបណ្ដាញផ្គត់ផ្គង់អគ្គិសនីរបស់ជាតិទាំងមូល ខណៈប្រទេសនេះកំពុងញាំញីដោយបញ្ហាជាច្រើនផ្សេងៗរួមមានអតិផរណា, កង្វះចំណីអាហារ, ឱសថ, ប្រេងឥន្ធនៈ ព្រមជាមួយទឹកស្អាតផងដែរ។
រដ្ឋាភិបាលគុយបាថ្លែងថា ការផ្គត់ផ្គង់ថាមពលឡើងវិញដល់ប្រជាជននឹងធ្វើឡើងយ៉ាងយូរត្រឹមល្ងាចថ្ងៃចន្ទ ដោយប្រធានាធិបតី Miguel Diaz-Canel បានព្រមានថា រដ្ឋាភិបាលរបស់លោកនឹងមិនអត់ធ្មត់ឡើយចំពោះផលរំខានជាសាធារណៈអំឡុងពេលមានការដាច់ចរន្តអគ្គិសនីនេះ។ ភ្នាក់ងារជាតិតាមដានព្យុះនៃសហរដ្ឋអាមេរិកបញ្ជាក់ថា ព្យុះ Hurricane ឈ្មោះ Oscar ជាព្យុះស្ថិតក្នុងកម្រិតទី១ បានបោកបក់នៅភាគខាងកើតប្រទេសគុយបាកាលពីម៉ោង ៥៖៥០នាទីល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅគុយបា) ដែលព្យុះនេះមានកម្លាំងខ្យល់បោកបក់ប្រមាណ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងធ្វើដំណើរទៅទិសខាងលិចក្នុងល្បឿន ១១គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រធានាធិបតីគុយបា លោក Diaz-Canel ថ្លែងកាលពីល្ងាចថ្ងៃសៅរ៍ថា អាជ្ញាធរនៅភាគខាងកើតប្រទេសកំពុងញាប់ដៃញាប់ជើងបំពេញភារកិច្ចការពារប្រជាជន និងធនធានសេដ្ឋកិច្ច ដែលអាចនឹងប៉ះពាល់ដោយសារព្យុះ Oscar។ រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Vicente de la O Levy ថ្លែងថា បណ្ដាញអគ្គិសនីនឹងត្រូវផ្គត់ផ្គង់ឡើងវិញនៅត្រឹមយប់ថ្ងៃចន្ទ និងមានការផ្គត់ផ្គង់អគ្គិសនីឡើងវិញទូទាំងប្រទេសត្រឹមថ្ងៃអង្គារនេះ។
នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថាប្រទេសស្ថិតក្នុង «ភាពអាសន្ននៃកង្វះថាមពល» និងបានប្រកាសផ្អាកសេវាសាធារណៈដែលមិនចាំបាច់ ដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់អគ្គិសនីទៅតាមខ្នងផ្ទះនីមួយៗវិញ។ លើសពីនេះទៅទៀត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតី Diaz-Canel បានព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការ "យ៉ាងធ្ងន់ធ្ងរ" ប្រឆាំងនឹងនរណាម្នាក់ដែលប៉ុនប៉ង "រំខានដល់សណ្តាប់ធ្នាប់សាធារណៈ" ក្នុងអំឡុងពេលដែលមានវិបត្តិកង្វះអគ្គិសនីទ្រង់ទ្រាយធំនេះ៕