វិវាទកិច្ចសន្យាទិញលក់ដីមួយទៀតត្រូវបានផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) រួមមាន លោក ណង សារ៉ាយ, លោក ឌុច ផារី និងលោក កែវ ប៊ុនថង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដី បានដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាទិញលក់ដីស្រែចំនួន ២ ប្លង់ ស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង តាំងពីឆ្នាំ ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
មន្រ្តីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕