អ៊ីស្រាអែលបើកការវាយឆ្មក់លើតំបន់ហ្កាហ្សាបន្ថែមក្រោយធ្វើឃាតមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស
អន្តរជាតិ៖ អ៊ីស្រាអែលបានបន្តធ្វើការវាយឆ្មក់លើតំបន់ហ្កាហ្សាបន្ថែមនៅថ្ងៃសុក្រ ទី១៨ ខែតុលានេះ ដែលជាការដាក់សម្ពាធបន្ថែមទៅលើសង្គ្រាមដែលបានអូសបន្លាយពេលជាងមួយឆ្នាំរបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស និងជាសកម្មភាពរន្ថើនបន្ថែមក្រោយការវាយប្រហារដ៏ធំមួយដែលបានផ្តាច់ជីវិតលោក Yahya Sinwar ជាមេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ជាមួយនឹងភាពសាទរការផ្តាច់ជីវិតមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងថា សង្រ្គាមដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសមិនទាន់ចប់នោះទេ ប៉ុន្តែលោកបានបន្ថែមថា វាគឺជា "ការចាប់ផ្តើមនៃទីបញ្ចប់"។
លោកបានហៅការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar ដែលជាមេខ្លោងនៃហេតុការណ៍វាយប្រហារធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលថាជា "ចំណុចសំខាន់ក្នុងការដាំក្បាលចុះនៃការគ្រប់គ្រងដ៏អាក្រក់របស់ក្រុមហាម៉ាស"។ គួរបញ្ជាក់ថា លោក Yahya Sinwar បានក្លាយជាមេដឹកនាំរួមរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បន្ទាប់ពីមេដឹកនាំផ្នែកនយោបាយរបស់ខ្លួនគឺលោក Ismail Haniyeh ត្រូវបានគេធ្វើឃាតដោយហេតុការណ៍វាយប្រហារកាលពីខែកក្កដាកន្លងទៅ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលជាសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែលថ្លែងថា៖ "នេះគឺជាថ្ងៃដ៏ល្អសម្រាប់អ៊ីស្រាអែល សម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ពិភពលោក"។ លោកបន្តថា៖ "ឥលូវនេះឱកាសកាន់តែមានច្រើនបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ ដែលតំបន់ហ្គាហ្សានឹងលែងស្ថិតក្រោមអំណាចរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយសម្រាប់ដំណោះស្រាយនយោបាយដែលផ្តល់នូវអនាគតដ៏ល្អប្រសើរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនដូចគ្នា"៕