សហរដ្ឋអាមេរិក៖ លោក Donald Trump នៅថ្ងៃព្រហស្បតិ៍នេះបានស្ដីបន្ទោសទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាជាបុគ្គលដែលនាំឱ្យមានសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្សី។ ការស្ដីបន្ទោសជុំវិញបញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សីនៅពេលនេះត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកទំនងជានឹងផ្លាស់ប្តូរខ្លាំងទៅលើគោលនយោបាយរបស់ខ្លួនជាមួយអ៊ុយក្រែន ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតនាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។
អតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋខាងលើ ជានិច្ចកាលតែងបានធ្វើការរិះគន់ទៅលើលោក Zelenskyy ជាញឹកញាប់ ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលលោក Trump តែងហៅលោក Zelenskyy ថាជា «អ្នកជំនាញផ្នែកលក់ដ៏ពូកែបំផុតលើផែនដី» ជុំវិញការស្នើសុំ និងទទួលបានជំនួយយោធាពីអាមេរិករាប់ពាន់លានដុល្លារអាមេរិកចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីឆ្នាំ២០២២កន្លងទៅ។
មិនត្រឹមតែប៉ុណ្ណោះ លោក Trump ក៏បានថ្កោលទោសលើមេដឹកនាំអ៊ុយក្រែនជុំវិញបរាជ័យក្នុងការស្វែងរកសន្តិភាពជាមួយទីក្រុងមូស្គូ ហើយលោកថែមទាំងបានលើកឡើងថា អ៊ុយក្រែនគួរតែប្រគល់ទឹកដីមួយចំនួនទៅឱ្យរុស្ស៊ីដើម្បីនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដែលនេះជាអ្វីដែលទីក្រុង Kyiv មិនអាចទទួលយកបាន។ ក្នុងកម្មវិធី Podcast មួយ លោក Trump លើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនមិនគ្រាន់តែត្រូវបានបន្ទោសចំពោះបរាជ័យនៃការបញ្ចប់សង្គ្រាមនោះទេ ប៉ុន្តែក៏ជាអ្នកចូលរួមចំណែកចាប់ផ្តើមសង្គ្រាមនេះផងដែរ។ លោក Trump បន្ថែមថា៖ "(អ្វីដែលនិយាយ) នេះមិនមែនមានន័យថាខ្ញុំមិនចង់ជួយគេ (លោក Zelenskyy) នោះទេ ព្រោះខ្ញុំពិតជាមានអារម្មណ៍មិនល្អឡើយជាមួយមនុស្សទាំងនោះ (អ្នករងគ្រោះ)។ ប៉ុន្តែ គេ (ប្រធានាធិបតីអ៊ុយក្រែន) មិនគួរអនុញ្ញាតឱ្យសង្រ្គាមចាប់ផ្តើមនោះទេ។ សង្រ្គាមគឺជាជនបរាជ័យ!"។
កន្លងមក អំឡុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ក លោក Zelenskyy ធ្លាប់បានបង្ហាញ «ផែនការជ័យជម្នះ» របស់លោកទៅកាន់លោក Trump ដែលនេះជាផែនការដែលប្រធានាធិបតីអ៊ុយក្រែនអះអាងថាសម្រាប់ប្រើប្រាស់បញ្ចប់សង្គ្រាមជាមួយរុស្សី ខណៈជំនួបនេះត្រូវបានអ្នកទាំងពីរចាត់ទុកថាជា «ជំនួបមិត្តភាព»។ យ៉ាងណាក្ដី លោក Trump អះអាងថា លោកនឹងអាចមានផែនការបញ្ចប់ជម្លោះអ៊ុយក្រែន និងរុស្សី នៅមុនពេលគាត់ចូលកាន់តំណែងក្នុងខែមករាទៀត ប្រសិនបើលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាខែវិច្ឆិកានេះ៕