សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនដាក់ចេញនូវក្រុមការងារដើម្បីត្រួតពិនិត្យការអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង
អន្តរជាតិ៖ នៅថ្ងៃពុធ ទី១៦ ខែតុលានេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានប្រកាសពីការចាប់ផ្តើមក្រុមចម្រុះជាតិសាសន៍ថ្មីមួយដើម្បីត្រួតពិនិត្យការអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីប្រទេសរុស្ស៊ី និងចិនបានរារាំងសកម្មភាពត្រួតពិនិត្យនៅអង្គការសហប្រជាជាតិ។ យន្តការថ្មីនេះមានឈ្មោះថា «ក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី» ដែលត្រូវបានប្រកាសដាក់ចេញ បន្ទាប់ពីកាលពីខែមីនាកន្លងទៅ រុស្សីបានច្រានចោលការបន្តសុពលភាពប្រចាំឆ្នាំនៃក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកត្រួតពិនិត្យការអនុវត្តទណ្ឌកម្មដែលមានបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងក្នុងរយៈពេល ១៥ឆ្នាំ ខណៈដែលចិនបានបោះឆ្នោតអនុប្បវាទ។
ប្រភពពីមន្ត្រីកូរ៉េខាងត្បូងមួយរូបឱ្យដឹងថា ក្រុមការងារនេះមានបំណងបន្តការងាររបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ រួមទាំងការចេញរបាយការណ៍ទៀងទាត់ស្តីពីការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង ព្រមទាំងមានការចូលរួមពីប្រទេសចំនួនប្រាំបីផ្សេងទៀត រួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើម។ ការដាក់ដំណើរការក្រុមការងារខាងលើនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយនៅទីក្រុងសេអ៊ូល ក្រោមវត្តមានអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell , អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kim Hong-kyun និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន Masataka Okano រួមជាមួយនឹងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសទាំងប្រាំបី មុនចាប់ផ្តើមកិច្ចសន្ទនារួមរបស់ខ្លួននៅទីក្រុងសេអ៊ូល។
ប្រភពមួយផ្សេងទៀតបានអះអាងថា គំនិតផ្តួចផ្តើមនេះអាចខ្វះភាពស្របច្បាប់ទៅលើប្រតិបត្តិការដែលគាំទ្រដោយអង្គការសហប្រជាជាតិ ប៉ុន្តែនឹងអាចត្រួតពិនិត្យលើប្រទេសកូរ៉េខាងជើងបានកាន់តែមានប្រសិទ្ធភាពជាងមុន នឹងអាចកិច្ចចេញពីការជ្រៀតជ្រែករបស់ចិន និងរុស្សី ជុំវិញទណ្ឌកម្មដែលត្រូវបានដាក់ទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ មន្រ្តីមួយរូបថ្លែងថា៖ "កន្លងមកមានការពិភាក្សាគ្នាជាច្រើនជុំវិញបញ្ហាដែលកើតឡើងដោយអវត្តមាននៃក្រុម (តាមដានទណ្ឌកម្មកូរ៉េខាងជើង) ប៉ុន្តែការឯកភាពគ្នាត្រូវបានធ្វើឡើងដោយស្ថានភាពបន្ទាន់ ជាពិសេសលើតម្រូវការក្នុងការដោះស្រាយចន្លោះខ្វះខាតដោយមិនបង្អែបង្អង់ ខណៈដែលកូរ៉េខាងជើងនៅតែបន្តបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ"។
កន្លងមក សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្លាប់បានចោទប្រកាន់ជារឿយៗថា កូរ៉េខាងជើង និងរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាជាមួយគ្នាដោយខុសច្បាប់។ យ៉ាងណាមិញ រុស្សី និងកូរ៉េខាងជើងបានបដិសេធនូវការផ្ទេរសព្វាវុធរវាងភាគីទាំងពីរ ប៉ុន្តែបានប្តេជ្ញាជំរុញទំនាក់ទំនងយោធា ដោយប្រកាន់យកសន្ធិសញ្ញាការពារទៅវិញទៅមកនៅឯកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនាកន្លងទៅ៕