តួកគី៖ កាលពីថ្ងៃពុធទី០៩ ខែតុលាម្សិលមិញនេះ ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) បានឱ្យដឹងថា មានហេតុការណ៍មួយដែលអ្នកបើកបរយន្តហោះ (ពីឡុត) ម្នាក់នៃក្រុមហ៊ុនរបស់ខ្លួនបានសន្លប់បាត់ស្មារតីអំឡុងការហោះហើរ និងក្រោយមកបានទទួលមរណភាព ដែលហេតុការណ៍នេះបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិតួកគីធ្វើការចុះចតជាបន្ទាន់នៅទីក្រុងញូវយ៉ក។
លោក Yahya Ustun អ្នកនាំពាក្យនៃក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបង្ហោះសារនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ "យន្តហោះដែលបានជួបប្រទះនូវហេតុការណ៍ខាងលើបានហោះចេញពីទីក្រុង Seattle ភាគខាងលិចសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃអង្គារ"។ លោកបន្តថា៖ "អ្នកបើកបរយន្តហោះ Airbus 350 នៃជើងហោះហើរ TK204 ពីទីក្រុង Seattle ទៅ Istanbul បានដួលសន្លប់ក្នុងអំឡុងពេលហោះហើរ។ បន្ទាប់ពីក្រុមការងារបានព្យាយាមផ្តល់ការជួយសង្គ្រោះបឋមទៅលើពីឡុតនោះហើយ យ៉ាងណាមិញជនរងគ្រោះនៅតែមិនដឹងខ្លួន ដែលធ្វើឱ្យសហការីបើកបរយន្តហោះបង្ខំចិត្តចុះចតជាបន្ទាន់ ប៉ុន្តែជនរងគ្រោះបានស្លាប់មុនការចុះចតទៅហើយ"។
ទិន្នន័យពីគេហទំព័រតាមដានការហោះហើរ FlightAware បង្ហាញថា យន្តហោះនោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ John F Kennedy នៅមុនម៉ោង ៦ ព្រឹក។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បញ្ជាក់ថា ក្រោយមកអ្នកដំណើរត្រូវបានរៀបចំឱ្យទៅដល់គោលដៅរបស់ពួកគេវិញរៀងៗខ្លួនដោយចាកចេញពីទីក្រុង New York។
គួរបញ្ជាក់ថា អ្នកបើកបរយន្តហោះ (ពីឡុត) ដែលបាត់បង់ជីវិតមានឈ្មោះ Ilcehin Pehlivan វ័យ ៥៩ឆ្នាំ និងបានបំពេញការងារជាមួយក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) តាំងពីឆ្នាំ២០០៧ ហើយទើបតែទទួលបានការត្រួតពិនិត្យសុខភាពកាលពីខែមីនាដែលបង្ហាញថា លោកពុំមានបញ្ហាសុខភាពណាមួយឡើយ៕