អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដក.) ផ្សព្វផ្សាយបេសកកម្មការងារជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នាសាលប្រជុំនៃសាលាខេត្តត្បូងឃ្មុំ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ដោយមានវត្តមានលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ូច សោភ័ណ, លោក មាស សុកែវ សមាជិកនៃ អ.ដ.ក., លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, រដ្ឋបាលក្រុង ស្រុក, តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជា ១៥០ រូប។
ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ជិន ម៉ាលីន បានលើកឡើងអំពីសារៈសំខាន់នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. គឺជាយន្តការបំពេញបន្ថែមមួយទៀតលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ។ ទន្ទឹមនេះ លោកបណ្ឌិត ជិន ម៉ាលីន ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំទាំងអស់ ឱ្យជួយធ្វើការផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានទទួលព័ត៌មានច្បាស់លាស់ អំពីការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃអ.ដ.ក. នេះ។
ការរៀបចំសិក្ខាសាលានាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ដែលមានឈ្មោះថា "គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន" ដែលគម្រោងនេះផ្តោតសំខាន់លើសកម្មភាពចំនួន ២ គឺ៑៖
ទី១-ផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ និង
ទី២-រៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា ខេត្តត្បូងឃ្មុំ គឺជាទី៦ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ ហើយនៅពេលខាងមុខ អ.ដ.ក. នឹងបន្តអនុវត្ត “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន”របស់ខ្លួន ឱ្យបានដល់គ្រប់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស៕