បង់ក្លាដែស៖ មេដឹកនាំស្ដីទីរបស់បង់ក្លាដែស លោក Muhammad Yunus បានបដិសេធការផ្តល់ពេលវេលាជាក់លាក់សម្រាប់ការបោះឆ្នោត បន្ទាប់ពីមានការបណ្ដេញអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ចេញពីតំណែង ខណៈក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី០៨ ខែតុលាម្សិលមិញនេះ លោកបានបញ្ជាក់ថា ការកែទម្រង់ឱ្យមានភាពប្រសើរឡើងជាការចាំបាច់មុននឹងមានការបោះឆ្នោត។
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បច្ចុប្បន្ននេះត្រូវបានតែងតាំងជា «ប្រធានទីប្រឹក្សា» នៃប្រទេសដែលមានប្រជាជនប្រមាណ ១៧៣លាននាក់នេះ បន្ទាប់ពីក្រុមនិស្សិតបានធ្វើការតវ៉ា បះបោរ និងប្រឆាំងផ្តួលរំលំរដ្ឋាភិបាល រហូតនាំឱ្យមានការបណ្ដេញនាយករដ្ឋមន្រ្តីចេញពីតំណែងកាលពីខែសីហាកន្លងទៅ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាមេដឹកនាំស្ដីទីវ័យ ៨៤ឆ្នាំរូបនេះកំពុងដឹកនាំរដ្ឋបាលបណ្តោះអាសន្ន ដើម្បីដោះស្រាយនូវអ្វីដែលលោកបានហៅថាបញ្ហាប្រឈម "ដ៏លំបាកបំផុត" នៃការស្តារឡើងវិញនូវស្ថាប័នប្រជាធិបតេយ្យ។ លោក Yunus បាននិយាយអំពីរដ្ឋាភិបាលចាំផ្ទះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយថា៖ "គ្មាននរណាម្នាក់ក្នុងចំណោមយើងមានបំណងនៅ (កាន់តំណែង) យូរឡើយ"។ លោកបន្តថា៖ «កំណែទម្រង់គឺជាចំណុចសំខាន់។ បើអ្នកនិយាយថា គួរតែរៀបចំការបោះឆ្នោត យើងបានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការបោះឆ្នោត។ ប៉ុន្តែវាជាការខុសឆ្គងដែលមានការរៀបចំការបោះឆ្នោតមុនគេ»។
លោក Yunus ថ្លែងបន្តថា លោកបានទទួលបន្តនូវប្រព័ន្ធរដ្ឋបាលសាធារណៈ "ដែលបានខ្ទេចខ្ទីទាំងស្រុង" ដែលត្រូវការការផ្លាស់ប្តូរយ៉ាងធំធេងមួយ ដើម្បីទប់ស្កាត់ការវិលត្រឡប់ទៅរករបបស្វ័យភាពនាពេលអនាគត។ លោកបន្ថែមថា៖ «កំណែទម្រង់មានន័យថា យើងនឹងមិនអនុញ្ញាតឲ្យមានការកើតឡើងដដែលៗពីអ្វីដែលបានកើតឡើងកាលពីអតីតកាលនោះទេ»៕