កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែតុលានេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មានបំណងចង់ពន្លឿនជំហានឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធា ជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយកូរ៉េខាងជើងនឹងមិនរារែកក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះឡើយ ប្រសិនបើខ្លួនស្ថិតនៅក្នុងកាលៈទេសៈដែលរងការគំរាមកំហែងវាយប្រហារពីសត្រូវ។
ជាថ្មីម្តងទៀត លោក Kim បានរំលឹកដល់ឈ្មោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជាលើកទីពីរនៅក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ដែលលោកបានលើកឡើងថា រដ្ឋាភិបាលទីក្រុងសេអ៊៊ូលបានឃុបឃិតជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងភាពកម្សោយផ្នែកយុទ្ធសាស្រ្ត ព្រមជាមួយសព្វាវុធរបស់ខ្លួន។
KCNA បានដកស្រង់សំដីរបស់លោក Kim ដែលបានថ្លែងថា៖ "Yoon Suk Yeol បានធ្វើអត្ថាធិប្បាយដ៏ជូរចត់ និងអសុរោះនៅក្នុងសុន្ទរកថារបស់គេ ដែលនេះសបញ្ជាក់ឱ្យឃើញថា គេមានភាពជឿជាក់យ៉ាងងប់ងល់ទាំងស្រុងទៅលើសមត្ថភាពរបស់ចៅហ្វាយនាយគេ" ដែលការលើកឡើងនេះត្រូវគេជឿថា លោក Kim សំដៅទៅលើទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នៅក្នុងការថ្លែងសារដែលធ្វើឡើងនៅឯសាកលវិទ្យាល័យការពារជាតិ Kim Jung Un ដែលជាសាកលវិទ្យាល័យហ្វឹកហ្វឺនសម្រាប់អ្នកជំនាញខាងយោធាជាន់ខ្ពស់ មេដឹកនាំកូរ៉េខាងជើងថ្លែងបន្តថា៖ "និយាយដោយស្មោះត្រង់! យើងពិតជាគ្មានបំណងណាមួយក្នុងការវាយប្រហារទៅលើកូរ៉េខាងត្បូងនោះទេ"។ លោក Kim សង្កត់ធ្ងន់ថា៖ "រាល់ពេលដែលខ្ញុំបញ្ជាក់ពីជំហររបស់យើងលើការប្រើប្រាស់កម្លាំងយោធា ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់លាស់ថា «ប្រសិនបើ»"។
លោក Kim បន្ថែមថា៖ "ប្រសិនបើសត្រូវព្យាយាមប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើង យោធារបស់សាធារណរដ្ឋនឹងប្រើអំណាច និងកម្លាំងទាំងអស់ដោយមិនស្ទាក់ស្ទើរ ដែលមិនរារាំងដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។ ការបោះជំហានរបស់យើងឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធា និងមហាអំណាចនុយក្លេអ៊ែរនឹងបង្កើនល្បឿនកាន់តែលឿនជាងមុន”។
កូរ៉េខាងជើងបានបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយពិភពលោកជឿជាក់ថាកូរ៉េខាងជើងមានអ្វីៗគ្រប់យ៉ាងរួចជាស្រេចដើម្បីអាចផលិតបានអាវុធនុយក្លេអ៊ែររាប់សិបគ្រាប់។ ថ្មីៗនេះ កូរ៉េខាងជើងបានធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីចំនួនប្រាំមួយលើកទៀតផង។
កាលពីសប្តាហ៍មុន កូរ៉េខាងត្បូងបានប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំមួយ ដែលបង្ហាញពីកាំជ្រួចផ្លោងដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់ដ៏ធំ និងបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថារបស់ខ្លួនក្នុងកម្មវិធីនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានកូរ៉េខាងជើងប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ថានៅថ្ងៃដែលមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះគេនឹងអវសានចុងក្រោយដែលបញ្ចប់របបដឹកនាំរបស់កូរ៉េខាងជើង៕