ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រុមមេធាវីសម្តេចតេជោ និងសមត្ថកិច្ចពាក់ព័ន្ធចាត់ការករណីលោក លី សាម៉េត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយពាក់ព័ន្ធនឹងឈ្មោះ លី សាម៉េត ហៅ គ្រូមា ដែលសម្ដេចបានបញ្ជាក់ថា ឈ្មោះ លី សាម៉េត តែងតែប្រើប្រាស់ឈ្មោះសម្តេចដើម្បីបោកប្រាស់គេឯងជាហូរហែរ និងអះអាងថាខ្លួនអាចចេញចូលផ្ទះសម្តេចតេជោបានពេលណាក៏បាន។ 

ក្នុងនោះផងដែរ សម្តេចបញ្ជាក់ត្រួសៗអំពីករណីដែលសម្ដេ​ចបានដឹងអំពីសកម្មភាពបោកប្រាក់របស់ឈ្មោះ លី សាម៉េត ហៅ គ្រូមា នេះជាបន្តបន្ទាប់រួមមាន បោកលុយឈ្មោះសុខ ឡេង១០លានដុល្លារ និងថាយកប្រាក់មកជូនសម្តេច តែពេលឈ្មោះ សុខ ឡេង ផ្តាំឲ្យសួរតាមកូនចិញ្ចឹមរបស់សម្តេចឈ្មោះ ទ្រី សុខាទើបបានរឿងដឹងទើបឈ្មោះ លី សាម៉េត ប្រគល់ឲ្យឈ្មោះ សុខ ឡេង វិញទាំងអស់ បន្ទាប់ពីបានសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។ សម្តេចបន្ថែមថា ថ្មីៗនេះ ឈ្មោះ លី សាម៉េត ហៅ គ្រូមា មានជាប់ពាក់ព័ន្ធនឹងករណីយកប្រាក់ពីឈ្មោះ មួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ (បានសងវិញរួច) និងការយកប្រាក់ពីលោក កន សុខកាយ ចំនួន ៣០ម៉ឺនដុល្លារបន្ថែមទៀត។ 

សម្តេចតេជោបញ្ជាក់ថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ សម្តេចធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ទាំងសុីវិល និងកងកម្លាំងប្រដាប់អាវុធ ហើយសម្ដេចមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំង ហើយទទួលបានការជួយពីសម្ដេចថែមទៀត ដើម្បីឲ្យពួកគេមានមធ្យោបាយធ្វើការ។

ករណី ឈ្មោះ លី សាម៉េត នេះ សម្តេចលើកឡើងថា ទំនងជាអាចនៅមានមនុស្សច្រើនទៀតដែលចាញ់បុគ្គលនេះ ក្រោមរូបភាពយកឈ្មោះសម្តេចទៅប្រើ។ ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង សម្តេចបានស្នើវិធានការមួយចំនួនដូចខាងក្រោម៖

១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិឈ្មោះ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកឈ្មោះ លី សាម៉េត។

២.អ្នកចាញ់បោកឈ្មោះ លី សាម៉េត ទាំងអស់អាចដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។

៣. លោក គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។

៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលឈ្មោះ លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក