ឥណ្ឌូនេស៊ីនឹងរៀបចំកិច្ចពិភាក្សាការទូតស្តីពីសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា មុនកិច្ចប្រជុំកំពូលអាស៊ាននៅឡាវចូលមកដល់
ឥណ្ឌូនេស៊ី៖ មន្រ្តីការទូតជាន់ខ្ពស់មួយរូបបានថ្លែងប្រាប់មកកាន់សារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែតុលាម្សិលមិញនេះថា កិច្ចពិភាក្សាការទូតស្តីពីសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហ្សាកាតា មុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់ចូលមកដល់ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។
មន្រ្តីការទូតដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណថ្លែងថា កិច្ចពិភាក្សានៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ខាងមុខ នឹងមានការចូលរួមពីតំណាងមកពី ឥណ្ឌូនេស៊ី អាស៊ាន សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ព្រមជាមួយសមាជិកនៃក្រុមប្រឆាំងរបបយោធាមីយ៉ាន់ម៉ាផងដែរ។ យ៉ាងណាក្ដី របបយោធាដែលកំពុងកាន់អំណាចត្រូវគេរំពឹងថានឹងមិនចូលរួមក្នុងកិច្ចពិភាក្សានេះទេ។
គួរឱ្យដឹងថា កិច្ចពិភាក្សាស្ដីពីវិបត្តិបង្ហូរឈាមដែលនៅមីយ៉ាន់ម៉ាដែលកើតឡើងតាំងពីមានរដ្ឋប្រហារ ចាប់តាំងពីឆ្នាំ២០២១ មក គ្រោងធ្វើឡើងនៅមុនពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា នារដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ។ បញ្ហាពាក់ព័ន្ធនឹងជម្លោះនៅមីយ៉ាន់ម៉ា ក៏គ្រោងក្លាយជារបៀបវារៈដ៏លេចធ្លោមួយសម្រាប់កិច្ចប្រជុំនៃប្រទេសទាំង ១០ ផងដែរ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានមីយ៉ាន់ម៉ាជាសមាជិកបានជំរុញផ្នែកកិច្ចការការទូតជាច្រើនលើកច្រើនសារ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ ប៉ុន្តែពុំមានផ្លែផ្កាណាមួយគួរឱ្យកត់សម្គាល់ឡើយ។ កន្លងមក មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលៗនៃតំបន់អាស៊ាននោះឡើយ។
ប្រធានបទមីយ៉ាន់ម៉ានៅតែជាបញ្ហាក្ដៅសម្រាប់បណ្ដាប្រជាជាតិនៃតំបន់អាស៊ីអាគ្នេយ៍ ជាក់ស្ដែងឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនបានអំពាវនាវឱ្យមានសកម្មភាពតឹងរ៉ឹងជាងមុនប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing និងដោយឡែក រដ្ឋាភិបាលថៃបានធ្វើការចរចាជាលក្ខណៈទ្វេភាគីឧត្តមសេនីយ៍មេដឹកនាំរបបយោធា ក៏ដូចជាកិច្ចពិភាក្សាជាមួយលោកស្រី Aung San Suu Kyi ដែលកំពុងជាប់ឃុំក្នុងគេហដ្ឋានផងដែរ។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិឱ្យដឹងថា ពលរដ្ឋជាងបីលាននាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំបន្ទាប់ពីសង្គ្រាមបានអូសបន្លាយពេលជាងបីឆ្នាំកន្លងមក៕