
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់់វត្តខ្មែរក្រោម។ នេះបើតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអង្គភាព EAC News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែតុលានេះ។
បើតាមសេចក្ដីសម្រេចដដែលនេះ សមាសភាពនៃគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់់វត្តខ្មែរក្រោម ដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន អមដោយអនុប្រធានអចិន្ត្រៃយ៍ លោក ឈិត កេតនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងអនុប្រធានចំនួន ៣រូបគឺ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមជាមួយសមាជិក-សមាជិកា សរុបចំនួន ២២រូប៕