
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារមួយចំនួន។
ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Wang Wenbin ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ វត្តមានរបស់លោក Wang Wenbin ក្នុងបេសកកម្មនាពេលនេះ នឹងបន្តជួយជំរុញឱ្យទំនាក់ទំនងដែកថែបរបស់កម្ពុជា-ចិន កាន់តែរឹងមាំ ស៊ីជម្រៅ និងស្វាហាប់បន្តទៅមុខទៀត។ ក្នុងកិច្ចជំនួបនេះផងដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសរំលេចថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្រ្តមួយដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមបំផុត របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស បានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន។ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ប្រាកដនិយម និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នឹងបន្តពូនជ្រំទំនាក់ទំនងនេះអោយកាន់រឹងមាំបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានបន្តទៀតថា ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងដ៏ពិសេស ដែលកើតចេញពីការជឿទុកចិត្តគ្នា ការគោរពគ្នា និងការរួមសុខរួមទុក្ខជាមួយគ្នា ហើយលោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់មិនអាចខ្វះបាននៃទំនុកចិត្ត និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាទំនាក់ទំនងត្បូងពេជ្រ ជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលកន្លងមក ជាអាទិ៍ ការផ្តល់អាហារូបករណ៍ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការមកពីគ្រប់ស្ថាប័ន, ការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីរបស់ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជាជាអាទិ៍ ដែលទាំងនេះជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរផងដែរ។
លោកឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងការអរគុណ ដែលលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្ដែងការគួរសម។ លោក Wang Wenbin ក៏បានឯកភាពផងដែរថា ទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេស ហើយលោកបានសង្កត់ធ្ងន់ថា កម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំមួយកម្រិតថែមទៀត។ បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូតចិន បានបង្ហាញនូវគោលជំហរដ៏រឹងមាំរបស់ភាគីចិន ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការកសាង និងអភិវឌ្ឍប្រទេស ដើម្បីសម្រេចឱ្យបាននូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺបន្តជួយជ្រោមជ្រែងក្នុងការអនុវត្តកិច្ចសហប្រតិបត្តិដែលមានកន្លងមកឱ្យកាន់តែរឹងមាំ និងឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
មុននឹងបញ្ចប់, លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយក្រសួងយុត្តិធម៌ត្រៀមលក្ខណៈជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិន ពាក់ព័ន្ធនឹងកិច្ចការងារនេះ។ ចំណែកលោកឯកអគ្គរដ្ឋទូតចិនវិញ បានប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕