មាត្រាពាក់ព័ន្ធនៃបទល្មើសចរាចរណ៍បង្កឱ្យមានរបួសដល់អ្នកដទៃ និងបទល្មើសចរាចរណ៍បណ្ដាលឱ្យស្លាប់អ្នកដទៃ
ភ្នំពេញ៖ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងធានាការពារសុខភាពនិងអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។ ច្បាប់នេះមានគោលដៅ ផ្តល់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក, គ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក, រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។
ចំពោះបទល្មើសសំខាន់ៗពាក់ព័ន្ធនឹងការប៉ះពាល់ដល់បូរណភាពរាងកាយ និងអាយុជីវិតមនុស្ស ត្រូវបានចែងបញ្ញត្តិឱ្យផ្តន្ទាទោសដូចមានក្នុងមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់នេះ។
មាត្រា៨៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី៨ (ប្រាំបី)ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី២ ០០០ ០០០ (ពីរលាន) រៀលទៅ១០ ០០០ ០០០ (ដប់លាន) រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យ ជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន)រៀល ទៅ ១៥ ០០០ ០០០(ដប់ប្រាំលាន)រៀល កាលបើអំពើនេះបានប្រព្រឹត្ត ក្នុងករណីណាមួយដូចខាងក្រោម៖
ក- បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
គ- បណ្តាលឲ្យមានរបួសមនុស្សច្រើននាក់។
ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះទោសបន្ថែម ដូចតទៅនេះអាចត្រូវបានប្រកាស៖
១- ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុង ការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ (ប្រាំ)ឆ្នាំយ៉ាងច្រើន។
២- ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់ រយៈពេល៥ (ប្រាំ)ឆ្នាំយ៉ាងច្រើន។
៣- ការព្យួរលិខិតបើកបរសម្រាប់រយៈពេល ៥(ប្រាំ)ឆ្នាំយ៉ាងច្រើន។
៤-ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល ២ (ពីរ)ខែយ៉ាងច្រើន។
៥- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។
៦- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨(ប្រាំបី)ថ្ងៃយ៉ាងច្រើន។
មាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទ ប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀលទៅ១៥ ០០០ ០០០ (ដប់ប្រាំលាន)រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុង មាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ ពី១០ ០០០ ០០០ (ដប់លាន)រៀល ទៅ២៥ ០០០ ០០០ (ម្ភៃប្រាំលាន)រៀល កាលបើអំពើ នេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម៖
ក- បើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រ ឈាមឡើងទៅ។
គ- បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។
ឃ- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស៖
១- ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុង ការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ (ប្រាំ)ឆ្នាំយ៉ាងច្រើន។
២- ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់ រយៈពេល៥ (ប្រាំ)ឆ្នាំយ៉ាងច្រើន។
៣- ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងច្រើន។
៤- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល២ (ពីរ)ខែយ៉ាងច្រើន។
៥- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។
៦- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល៨(ប្រាំបី)ថ្ងៃយ៉ាងច្រើន៕