
សួនសត្វនៅហ្វាំងឡង់នឹងប្រគល់ខ្លាឃ្មុំផេនដាយក្សពីរក្បាលទៅឱ្យចិនវិញ ដោយគ្មានលទ្ធភាពថ្លៃចំណាយថែទាំ
ហ្វាំងឡង់៖ ហ្វាំងឡង់នឹងប្រគល់ខ្លាឃ្មុំផេនដាយក្សពីរក្បាលទៅប្រទេសចិនវិញក្នុងខែវិច្ឆិកាខាងមុខ បើទោះបីជាពេលវេលាកំណត់នៅសល់ជាង ៨ឆ្នាំទៀតក៏ដោយ ក្រោមមូលហេតុដែលសួនសត្វដែលសត្វខ្លាឃ្មុំផេនដានោះរស់នៅ ពុំអាចមានលទ្ធភាពទ្រទ្រង់ និងមើលថែទាំសត្វទាំងពីរក្បាលនេះទៀតបាន។
សត្វខ្លាឃ្មុំផេនដាទាំងពីរក្បាលមានឈ្មោះថា Lumi និង Pyry ត្រូវបាននាំយកទៅកាន់ប្រទេសហ្វាំងឡង់កាលពីខែមករា ឆ្នាំ២០១៨ បន្ទាប់ពីវត្តមានលោកប្រធានាធិបតី Xi Jinping ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វាំងឡង់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាស្តីពីការការពារសត្វ។ ជានិច្ចកាល ចិនតែងតែបញ្ជូនខ្លាឃ្មុំផេនដាទៅកាន់សួនសត្វបរទេស ក្នុងន័យពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងទំនាក់ទំនងការបរទេស និងលើកកម្ពស់មុខមាត់អន្តរជាតិរបស់ចិន។
បើតាមព័ត៌៌មានពីសួនសត្វ Ahtari ដែលជាកន្លែងថែរក្សាសត្វខ្លាឃ្មុំផេនដាទាំងពីរឱ្យដឹងថា បើតាមកិច្ចព្រមព្រៀងហ្វាំងឡង់នឹងថែរក្សាសត្វទាំងពីរសម្រាប់រយៈ ពេល ១៥ឆ្នាំ ប៉ុន្តែយ៉ាងណាក្ដី សត្វខ្លាឃ្មុំទាំងពីរនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១ខែ មុននឹងបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ប្រធានគ្រប់គ្រងសួនសត្វ Ahtari លោក Risto Sivonen និយាយថា សួនសត្វបានចំណាយលើការវិនិយោគជាង ៨លានអឺរ៉ូសម្រាប់កន្លែងចិញ្ចឹមសត្វខ្លាឃ្មុំផេនដាទាំងពីរក្បាលនេះ និងត្រូវចំណាយប្រមាណជា ១,៥លានអឺរ៉ូជារៀងរាល់ឆ្នាំបន្ថែមទៀត សម្រាប់ការចំណាយថ្លៃចិញ្ចឹម ថែទាំ និងថ្លៃអភិរក្សដែលត្រូវបង់ទៅកាន់ប្រទេសចិន។
ដំបូងឡើយ សួនសត្វនេះរំពឹងថាខ្លាឃ្មុំផេនដានឹងទាក់ទាញអ្នកទស្សនាច្រើនទៅកាន់ទីតាំងរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញ ការនាំយកសត្វទាំងពីរនេះបានក្លាយជាបន្ទុកបំណុលបន្ថែមដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ-១៩ បណ្ដាលឱ្យចំនួនភ្ញៀវទស្សនាបានធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគ្រប់គ្រងសួនសត្វនេះបានឱ្យដឹងថា រដ្ឋាភិបាលក៏បានបដិសេធមិនផ្តល់មូលនិធិពីរដ្ឋសម្រាប់ចំណាយលើការរក្សាទុកខ្លាឃ្មុំផេនដាយក្សទាំងពីរក្បាលនេះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសហ្វាំងឡង់និយាយថា ការប្រគល់ត្រឡប់នូវខ្លាឃ្មុំផេនដាយក្សទាំងពីរក្បាលទៅកាន់ប្រទេសចិនវិញនេះ គឺជាការសម្រេចដោយផ្អែកលើហេតុផលនៃការធ្វើអាជីវកម្មនៃសួនសត្វប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងរដ្ឋាភិបាលរបស់ប្រទេសហ្វាំងឡង់នោះទេ ហើយក៏មិនមានផលប៉ះពាល់ដល់ទំនាក់ទំនងនៃរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ។ ដោយឡែក ស្ថានទូតចិនប្រចាំទីក្រុង Helsinki មិនមានការអធិប្បាយណាមួយជុំវិញបញ្ហានេះទេ៕