
អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃចេញសេចក្ដីបញ្ជាក់ព័ត៌មានជុំវិញការផ្សាយរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអូស្រ្តាលី
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញានេះ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃបានចេញសេចក្ដីបញ្ជាក់ព័ត៌មានមួយ ជុំវិញការផ្សាយព័ត៌មានជាវីដេអូឃ្លីបរបស់សារព័ត៌មានអាស៊ីសេរី (RFA Khmer) កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានដាក់ចំណងជើងថា «តុលាការអូស្ត្រាលីកាត់ទោសកូនមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ដែលបើកឡានរំលោភភ្លើងសញ្ញាបុកមនុស្សពីរនាក់ស្លាប់» ដោយបានធ្វើអត្ថាធិប្បាយថា បុគ្គលដែលត្រូវបានតុលាការអូស្ត្រាលីផ្តន្ទាទោសនោះមានតួនាទីជាអនុប្រធាននាយកដ្ឋានសរុប និងស្ថិតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។
ពាក់ព័ន្ធនឹងករណីនេះ អគ្គលេខាធិការដ្ឋាន បានធ្វើការបញ្ជាក់ជូនដូចតទៅ ៖
* បុគ្គលដែលត្រូវបានតុលាការរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្ត្រាលី ផ្តន្ទាទោសករណីបង្កគ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះថា ឌឿន ឧត្តមសេនីយ៍ ដែលមិនមែនជាមន្ត្រីស្ថិតនៅក្នុងក្របខណ្ឌ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃនោះទេ ។
* ដោយឡែកលោក ឌឿន ឧត្តម ដែលត្រូវបានសារព័ត៌មានអាស៊ីសេរីយកឈ្មោះទៅចុះផ្សាយ ភ្ជាប់ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នោះ គឺជារូបវន្តបុគ្គលផ្សេងដែលមានតួនាទីជាអនុប្រធាន នាយកដ្ឋានសរុប និងស្ថិតិ នៃអគ្គលេខាធិការដ្ឋាន ហើយបច្ចុប្បន្នរូបលោកកំពុងបំពេញភារកិច្ចជូនអង្គភាពជាធម្មតា និងពុំជាប់ពាក់ព័ន្ធនឹងករណីដែលបានផ្សព្វផ្សាយនេះទេ ។
ក្នុងនោះផងដែរ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃស្នើឱ្យសារព័ត៌មានអាស៊ីសេរីកែតម្រូវខ្លឹមសាររបស់ខ្លួន ដើម្បីជៀសវាងផលប៉ះពាល់មកលើកិត្តិយស សេចក្តីថ្លៃថ្នូរបុគ្គល និងអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ៕