រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីស្រាអែល «ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន»
អន្តរជាតិ៖ រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលឱ្យចាកចេញពីប្រទេសនេះ "ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន" ខណៈដែលភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់កាន់តែមានការកើនឡើងខ្លាំង។ ស្ថានទូតចិនប្រចាំប្រទេសអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា "បច្ចុប្បន្ននេះ ស្ថានភាពនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ មានភាពតានតឹងខ្លាំង ដោយជម្លោះយោធាបានកើតមានជាញឹកញាប់"។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា៖ "ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីស្រាអែលនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជាមុនបាន"។
ក្នុងនោះផងដែរ ស្ថានទូតចិនប្រចាំប្រទេសអ៊ីស្រាអែលបានជំរុញពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសនេះទៅកាន់ប្រទេសចិនវិញ ឬផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ធ្លាប់បានសង្គ្រឺតធ្មេញដាក់គ្នាកាលពីថ្ងៃអាទិត្យ ក៏ដូចជាបង្កើននូវការវាយប្រហារឆ្លងព្រំដែនរៀងខ្លួន បើទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យភាគីទាំងពីរដកថយចេញពីមាត់ជ្រោះនៃសង្គ្រាមនេះក៏ដោយ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងបន្ទាយរបស់ក្រុម Hezbollah នៅភាគខាងត្បូងទីក្រុង Beirut កាលពីថ្ងៃសុក្រ បានសម្លាប់ប្រមុខកងកម្លាំង Radwan ដែលជាឥស្សរជនរបស់ Hezbollah គឺលោក Ibrahim Aqil។
ហេតុការណ៍នេះបានបន្តកើតឡើង ក្រោយមានការបំផ្ទុះឧបករណ៍ផ្ញើសារទំនាក់ទំនង (Pager) កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍មុននៅក្នុងប្រទេសលីបង់ ដែលបានបណ្ដាលឱ្យមនុស្ស ៣៩នាក់ស្លាប់ និងរងរបួសជាង ៣,០០០នាក់ ដែលហេតុការណ៍នេះត្រូវបានគេចោទប្រកាន់ និងទម្លាក់ការទទួលខុសត្រូវមកលើអ៊ីស្រាអែល។ ដូចគ្នាផងដែរ កាលពីខែមុនចិនបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសលីបង់ចាកចេញពីប្រទេសនេះជាបន្ទាន់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់សកម្មប្រយុទ្ធជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់នៅក្នុងប្រទេសលីបង់៕