ចិនជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតរបស់កោះតៃវ៉ាន់
ចិន៖ ក្រសួងសន្តិសុខជាតិចិន នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះបានឱ្យដឹងថា ក្រុមជំនាញ Hacker ដែលគាំទ្រដោយយោធារបស់កោះតៃវ៉ាន់ដែលមានឈ្មោះថា Anonymous 64 បាននិងកំពុងធ្វើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងគោលដៅនានាមួយចំនួនក្នុងប្រទេសចិន។ ក្នុងនោះផងដែរ ភ្លាមៗក្រោយការចោទប្រកាន់នេះ ក្រសួងការពារជាតិកោះតៃវ៉ាន់បានចេញមកបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថា ចិនទៅវិញទេដែលជាអ្នកបង្កផលរំខានដល់សុខសន្តិភាព ក៏ដូចជាអ្នកឈ្លានពានផ្នែកយោធាមកលើខ្លួន។
តាំងពីដើមឆ្នាំ២០២៤នេះមកម្ល៉េះ ក្រុម Anonymous 64 ដែលត្រូវក្រសួងសន្តិសុខជាតិចិនអះអាងថាក្រុមនេះជាផ្នែកមួយនៃសង្គ្រាមតាមអ៊ីនធឺរណេតរបស់កោះតៃវ៉ាន់ បានព្យាយាមបង្ហោះសារ និងផ្សព្វផ្សាយនូវខ្លឹមសារដែលមានលក្ខណៈប្រមាថដល់ប្រព័ន្ធនយោបាយ និងគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលចិន ទាំងនៅលើគេហទំព័រ ក៏ដូចជាទូរទស្សន៍ផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ ព្រមទាំងបណ្ដាញទូរទស្សន៍នានារបស់ចិន។
ដូចគ្នានេះដែរ រដ្ឋាភិបាលនៃកោះតៃវ៉ាន់តែងតែធ្វើការចោទប្រកាន់ទៅលើចិនថា មានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត និងធ្វើការវាយប្រហារតាមអ៊ីនធឺណិតទៅលើកោះតៃវ៉ាន់ ជុំវិញភាពតានតឹងកើតមានឡើងកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទីបញ្ជាការកងកម្លាំងព័ត៌មាន ទំនាក់ទំនង និងអេឡិចត្រូនិករបស់ក្រសួងការពារជាតិកោះតៃវ៉ាន់ក៏បានច្រានចោលនូវការចោទប្រកាន់របស់ចិន ថាអ្វីដែលបានលើកឡើងគឺជារឿងមិនពិត។ ក្នុងនោះផងដែរ កោះតៃវ៉ាន់ក៏បានចោទប្រកាន់ទៅកាន់ចិនវិញថាជ «យោធាកុម្មុយនិស្តចិន និងកងកម្លាំងនានាដែលពាក់ព័ន្ធ បានបន្តប្រើប្រាស់យន្តហោះ កប៉ាល់ និងការវាយប្រហារតាមអ៊ីនធឺណិត ដើម្បីយាយីតៃវ៉ាន់ និងជាអ្នកបំផ្លិចបំផ្លាញសន្តិភាពក្នុងតំបន់»។
នៅលើបណ្ដាញសង្គម X របស់ក្រុម Hacker «Anonymous 64» បានឱ្យដឹងថា ក្រុមរបស់ពួកគេបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៣ និងធ្លាប់បង្ហាញស្នាដៃពីការបង្កើតវីដេអូមួយដែលប្រដូចលោកប្រធានាធិបតី Xi Jinping ទៅនឹងព្រះចៅអធិរាជចិន ក្នុងគោលបំណងរំលឹកខួប ២ឆ្នាំនៃការតវ៉ាទៅនឹងវិធានការដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលចិនដើម្បីទប់ស្កាត់វីរុស COVID-19 ក៏ដូចជារំលឹកដល់បាតុកម្មនៅទីលានធានអានមេន (Tiananmen Square) កាលពីឆ្នាំ១៩៨៩។
យ៉ាងណាមិញ នៅក្នុងអត្ថបទមួយតាមរយៈបណ្ដាញសង្គម WeChat ផ្លូវការរបស់ខ្លួន ក្រសួងសន្តិសុខជាតិចិនថ្លែងថា ការស៊ើបអង្កេតលើក្រុមនេះបានបង្ហាញថា គេហទំព័រជាច្រើនដែលក្រុម «Anonymous 64» អះអាងថាបានជ្រៀតចូល ភាគច្រើនគឺជាគេហទំព័រក្លែងក្លាយ និងមានសកម្មភាពតិចតួច។ ដោយឡែក ការបង្ហោះរបស់ក្រុមនេះថាបានជ្រៀតចូលគេហទំព័រសាកលវិទ្យាល័យ និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតនោះ តាមពិតទៅគឺជារូបភាពកាត់-តប៉ុណ្ណោះ៕