ជប៉ុន៖ ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យកើតទៅជាគ្រោះទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសជប៉ុន និងបានបង្កឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ជប៉ុន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សារព័ត៌មាន NHK និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតឱ្យដឹងថា មនុស្សចំនួន ០៦នាក់បានស្លាប់ ខណៈអាជ្ញាធរនៃតំបន់ Ishikawa រាយការណ៍ថា មានមនុស្ស ២នាក់បានបាត់ខ្លួន និងមនុស្ស ៨នាក់ទៀតនៅមិនទាន់បានដឹងស្ថានភាពជាក់ស្ដែងនៅឡើយ។ ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបន្តវាយប្រហារតំបន់ Ishikawa ដោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នាជាង ៧២ម៉ោង បណ្ដាលឱ្យកម្ពស់ទឹកភ្លៀងមានប្រហែលជា ៥៤០មីលីម៉ែត្រ។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនអគ្គិសនី Hokuriku Electric Power Company ឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទនេះ គេហដ្ឋានសរុបជាង ៤,០០០គ្រួសារត្រូវបានទុកចោល ដោយសារមូលហេតុគ្មានអគ្គិសនីប្រើប្រាស់។ ក្នុងនោះ តំបន់ជាង ១០០ត្រូវបានកាត់ផ្ដាច់ការធ្វើដំណើរ ដោយផ្លូវត្រូវបានបិទក្រោយហេតុការណ៍បាក់ដី។
កាលពីចុងសប្តាហ៍កន្លងទៅ កងកម្លាំងយោធាត្រូវបានបញ្ជូនទៅកាន់តំបន់ Ishikawa ដើម្បីរួមការងារជាមួយក្រុមជួយសង្គ្រោះ ដោយប្រជាជនរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន។ អ្នកវិទ្យាសាស្រ្តព្រមានថា ការប្រែប្រួលអាកាសធាតុដែលបង្កដោយសកម្មភាពមនុស្សបច្ចុប្បន្ន កំពុងបង្កើនហានិភ័យដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ដោយសារតែបរិយាកាសក្តៅមានផ្ទុកទឹកច្រើនជាងអាកាសធាតុធម្មតា៕