ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងជួបជាមួយលោក To Lam អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម
អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេដឹងថា លោកគ្រោងនឹងមានជំនួបជាមួយប្រធានាធិបតី និងជាប្រធានបក្សកុម្មុយនិស្តវៀតណាម លោក To Lam នៅថ្ងៃពុធ ទី២៥ ខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuter។
គួរឱ្យដឹងថា ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរអាចនឹងធ្វើឡើងនៅក្រៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុង New York។
ជុំវិញការចុះផ្សាយព័ត៌មានខាងលើ នៅមិនទាន់មានការឆ្លើយតបណាមួយពីភាគីសហរដ្ឋអាមេរិក ក៏ដូចជាភាគីវៀតណាមឡើយ ខណៈកន្លងមក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមក៏មិនធ្លាប់បង្ហើបអំពីជំនួបរវាងលោក To Lam ជាមួយលោក Joe Biden នៅលើទឹកដីសហរដ្ឋអាមេរិកដែរ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្យាយាមបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយជាមួយវៀតណាម ដែលជាការប្រជែងជាមួយមហាអំណាចធំចំនួន ២ផ្សេងទៀតគឺចិន និងរុស្សីដែលមានទំនាក់ទំនងការទូតយូរលង់ជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នេះរួចមកហើយ។
គួររំឮកផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក Biden ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅវៀតណាម និងជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការការទូតជាមួយវៀតណាមឱ្យមានកម្រិតខ្ពស់ដូចទៅនឹងរុស្សី និងចិនផងដែរ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuter ឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក To Lam ក្នុងនាមជាមេដឹកនាំកំពូលវៀតណាម លោកនឹងមានការថ្លែងសារនៅឯទីស្នាក់ការនៃអង្គការសហប្រជាជាតិ និងជួបជាមួយតំណាងសាជីវកម្មធំៗរបស់អាមេរិកមួយចំនួនដូចជាក្រុមហ៊ុន Meta និងក្រុមហ៊ុន Google ជាដើម។ ក្រៅពីនេះ លោក To Lam ក៏នឹងមានការចុះចតនៅទឹកដីប្រទេសគុយបា ដែលជាប្រទេសដៃគូកុម្មុយនិស្តដ៏យូរអង្វែងរបស់វៀតណាម៕