ភ្នំពេញ៖ ពិព័ណ៌អាពាហ៍ពិពាហ៍ដ៏ធំលើកដំបូងនៅកម្ពុជាចាប់ផ្ដើមនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលដឹព្រេមៀ សេនធ័រ សែនសុខ ដោយមានការចូលរួមដោយខ្ពងខ្ពស់ពីស្ត្រីទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ថ្លែងក្នុងពិធីបើកពិព័ណ៌នៅព្រឹកនេះលោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថា អាពាហ៍ពិពាហ៍គឺជាកាតព្វកិច្ចគ្រួសារមួយដ៏សំខាន់ និងពិសេសមួយក្នុងជីវិតមនុស្សម្នាក់ៗ។ លោកស្រីយល់ថាការរៀបចំពិព័ណ៌នេះមានសារៈសំខាន់ និងបានថ្លែងកោតសរសើរពីគំនិតនៃការរៀបចំដែលបានផ្ដល់នូវភាពងាយស្រួលដល់កូនកម្លោះ-កូនក្រមុំ និងក្រុមគ្រួសារអាចមកសិក្សា ពិភាក្សាជាមួយអាជីវករ និងក្រុមហ៊ុនដែលបម្រើសេវាកម្មផ្នែកពិធីអាពាហ៍ពិពាហ៍។
ជាមួយគ្នានឹងការរម្លឹកកាលពេលលោកស្រីរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចធិបតីកាលពីឆ្នាំ២០០៦ផងដែរ ដោយថាពេលនោះមិនសូវសម្បូរបែបដូចបច្ចុប្បន្ននេះនោះទេ។
លោកស្រី ពេជ ចន្ទមុន្នី ក៏បានចាប់អារម្មណ៍ពីគោលគំនិតនៃការចូលរួមអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ប្រពៃណីខ្មែរក្នុងពិព័ណ៌នេះផងដែរ។
លោកស្រីថា៖ «ប្រទេសយើងសំណាងដែលដូនតាបានបន្សល់ទុកនូវប្បធម៌ប្រពៃណីដល់កូនចៅជំនាន់ក្រោយដែលជាមោទនភាពមួយសម្រាប់ពលរដ្ឋយើង»។
អគ្គនាយក ដឹ ព្រេមៀ សេនធ័រសែនសុខ អ្នកឧកញ៉ា សេង ញ៉ក់ បានលើកឡើងថា ពិព័ណ៌អាពាហ៍ពិពាហ៍ជាលើកដំបូងនឹងធំជាងគេនេះបានប្រមូលផ្ដុំ ក្រុមហ៊ុន និងអាជីវកម្មផ្ដល់សេវាពិធីមង្គលដែលមានស្ដង់ដារ និងទទួលស្គាល់ទាំងអស់»ចូលរួមផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួន ដែលនឹងផ្ដល់ភាពងាយស្រួលដល់កូនកម្លោះកូនក្រមុំ។
ពិព័ណ៌នេះក៏បង្ហាញពីភាពរីកចម្រើនលូតលាស់ផ្នែកផ្ដល់សេវាកម្មអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋខ្មែរដែលមានដូចជា អាចារ្យ អាគារការ ចុងភៅ សំអាងការ តន្ត្រីបុរាណនិងសម័យ គ្រឿងអលង្ការ ដេគ័រតុបតែង ភេសជ្ជៈ និងសេវាកម្មពិធីការជាច្រើនទៀត។
ក្នុងសាលដ៏ធំនៃព្រីមៀ សេនធ័រ សែនសុខ មានស្ដង់ជាច្រើនដែលម្ចាស់ក្រុមហ៊ុន និងអាជីវកម្មផ្ដល់សេវារៀបចំអាពាហ៍ពិពាហ៍បានរៀបចំតាំងបង្ហាញរាប់ចាប់ពីសំអាងការ អ្នកផ្ដត់ផ្គង់ព្រំ ភេសជ្ជៈ ចុងភៅ សំលៀកបំពាក់ និងក្រុមហ៊ុនថតរូប វីដេអូ ជាដើម។
គួរឱ្យដឹងដែរថាពិព័ណ៌អាពាហ៍ពិពាហ៍នេះនឹងរៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា នៅមជ្ឈមណ្ឌលដឹព្រេមៀ សេនធ័រ សែនសុខ ជិតផ្សារទំនើប AEON 2 ដោយបើកឱ្យចូលទស្សនាដោយសេរី ព្រមជាមួយនឹងការប្រគុំតន្ត្រីដែលចូលរួមពីតារាល្បីជាច្រើននៅកម្ពុជាដូចជាលោក ខេមរៈ សេរីមន្ត លោកស្រី មាស សុខសោភា លោក ដួង វីរៈសិទ្ធ លោក ម៉ម ពេជរិទ្ធ លោក លឹម តិចម៉េង និងតារាមួយចំនួនទៀតព្រមទាំងមានទីតាំងលេងកម្សាន្តសម្រាប់ក្មេងលេងកម្សាន្តផងដែរ៕