
ដំណើរការសម្ភាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. បានបញ្ចប់ជាស្ថាពរក្រោមការដឹកនាំផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ
ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានដំណើរការការសម្ភាសដំណាក់កាលទី២ ដើម្បីជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងការសម្ភាសដំណាក់កាលទី ២ នេះ ត្រូវបានធ្វើទ្បើងដោយគណៈមេប្រយោគ ដែលដឹកនាំដោយផ្ទាល់ដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមានបេក្ខជនដែលត្រូវបានជ្រើសរើសជាប់នៅដំណាក់កាលទី១ ត្រូវធ្វើការសម្ភាសចំនួន ១៩៨រូប។
ដំណើរការនៃការសម្ភាសដំណាក់កាលទី២នេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដោយនៅមុនពេលសម្ភាស បេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យយកចូល ឬប្រើប្រាស់នូវសំណៅឯកសារ ទូរសព្ទ និងមធ្យោបាយទំនាក់ទំនងផ្សេងៗ ព្រមទាំងត្រូវចាប់ឆ្នោតជ្រើសរើសលំដាប់វេនសម្រាប់ចូលសម្ភាសទៅតាមផ្នែកជំនាញរៀងៗខ្លួន។ កិច្ចដំណេីរការនៃការសម្ភាសនេះ ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍អនាមិកភាព ពោលគឺទាំងអត្តសញ្ញាណ អត្តលេខ លំដាប់លេខរៀងចូលសម្ភាសរបស់បេក្ខជននីមួយៗ មិនត្រូវបានបង្ហាញ និងមិនត្រូវបានអនុញ្ញាតឱ្យសួរដោយគណៈមេប្រយោគ នៅក្នុងអំទ្បុងពេលសម្ភាសនោះឡើយ។
ទន្ទឹមនេះ លទ្ធផលនៃការសម្ភាសដំណាក់កាលទី២ នេះ ត្រូវបានប្រកាសភ្លាមៗ ក្រោយបញ្ចប់នៃការសម្ភាសបេក្ខជនតាមផ្នែកនីមួយៗ ដោយក្នុងនោះ បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ស្ថាពរសរុបចំនួន ២៥ រូប ដែលរួមមាន ផ្នែករដ្ឋបាលចំនួ ១០ រូប, ផ្នែកច្បាប់ចំនួន ១០ រូប, ផ្នែកហិរញ្ញវត្ថុចំនួន ៣ រូប និងផ្នែកព័ត៌មានវិទ្យាចំនួ ២ រូប។
គួរបញ្ជាក់ថា នៅគ្រប់ដំណាក់កាលនៃកិច្ចដំណើការនៃការសម្ភាសជ្រើសរើសបេក្ខជននេះ ក៏មានការចូលរួមសង្កេតការណ៍ដោយផ្ទាល់ពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ៕