ភ្នំពេញ៖ យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញនូវសេចក្ដីជូនដំណឹងបន្ថែមអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែកញ្ញាដូចខាងក្រោម៖
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូង ដែលបានជូនដំណឹងកាលពីម្សិលមិញបានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik) ដោយមានល្បឿនខ្យល់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្បែរផ្ចិតនៃព្យុះដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ។
ព្យុះនេះធ្វើឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យផ្ទៃមេឃមានពពក ច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយខ្យល់បក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ ខ្ពង់រាប និងតំបន់ភ្នំ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង និងអំពាវនាវដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី ឱ្យយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ។ បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនសាធារណជនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួលផ្សេងទៀត៕