អ៊ុយក្រែនស្នើឱ្យ UN, ICRC ចូលរួមកិច្ចខិតខំប្រឹងប្រែងលើការងារមនុស្សធម៌នៅក្នុងតំបន់ Kursk របស់រុស្ស៊ី
អ៊ុយក្រែន៖ រដ្ឋាភិបាលអ៊ុយក្រែននៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះបញ្ជាក់ថា ខ្លួនបានស្នើទៅកាន់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងតំបន់ Kursk របស់រុស្ស៊ី បន្ទាប់ពីតំបន់នេះបានទទួលរងនូវការឈ្លានពានឆ្លងព្រំដែនដោយកងកម្លាំងអ៊ុយក្រែន។
កងទ័ពអ៊ុយក្រែនកំពុងបន្តមានវត្តមានឈរជើងនៅក្នុងតំបន់ Kursk ជាងមួយខែមកហើយ បន្ទាប់ពីការឈ្លានពានចូលក្នុងទឹកដីរុស្សីត្រូវបានធ្វើឡើង ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy ថ្លែងថា កងកម្លាំងរបស់អ៊ុយក្រែនកំពុងគ្រប់គ្រងលើមូលដ្ឋានឈរជើងជាង ១០០ នៅក្នុងតំបន់នេះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ថ្លែងថា ក្រសួងការបរទេសអ៊ុយក្រែនបានអញ្ជើញជាផ្លូវការទៅកាន់ UN និង ICRC ឱ្យមានប្រតិបត្តិការមនុស្សធម៌ក្នុងតំបន់ Kursk អំឡុងពេលលោកកំពុងមានទស្សនកិច្ចនៅតំបន់ Sumy ភាគឦសានអ៊ុយក្រែនកាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក Sybiha ថ្លែងថា៖ «អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលការងាររបស់ UN និង ICRC និងបង្ហាញពីការប្រកាន់ខ្ជាប់ចំពោះច្បាប់មនុស្សធម៌អន្តរជាតិ»។ លោកបន្ថែមថា បច្ចុប្បន្ននេះកងកម្លាំងអ៊ុយក្រែនកំពុងធានានូវជំនួយមនុស្សធម៌ និងការឆ្លងកាត់ប្រកបដោយសុវត្ថិភាពដល់ជនស៊ីវិលនៅក្នុងតំបន់ Kursk។
ក្រសួងការបរទេសអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយបញ្ជាក់ថា ការអញ្ជើញជាផ្លូវការត្រូវបានផ្ញើជូនទៅកាន់ ICRC និង UN ដោយ "គិតគូរពីស្ថានភាពមនុស្សធម៌ និងតម្រូវការក្នុងការធានាឱ្យបានត្រឹមត្រូវនូវសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងទឹកដីនៃតំបន់ Kursk"។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងការបរទេសអ៊ុយក្រែនបានស្នើឱ្យ ICRC ត្រួតពិនិត្យការអនុលោមរបស់អ៊ុយក្រែនទៅនឹងគោលការណ៍នៃច្បាប់មនុស្សធម៌អន្តរជាតិ ដោយស្របទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវ ដែលគ្របដណ្តប់លើការការពារជនរងគ្រោះនៃជម្លោះប្រដាប់អាវុធអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្សី RIA បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រធាន ICRC លោក Mirjana Spoljaric បានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូ ហើយគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov ផងដែរ។
ដោយឡែក ប្រភពពីមន្ត្រីអ៊ុយក្រែនឱ្យដឹងថា កាលពីសប្តាហ៍មុន ការបាញ់ផ្លោងរបស់រុស្ស៊ីបានសម្លាប់ជនជាតិអ៊ុយក្រែនបីនាក់ដែលជាបុគ្គលិកនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅក្នុងភូមិមួយនាសមរភូមិជួរមុខក្នុងតំបន់ Donetsk ខណៈប្រធាន ICRC លោក Spoljaric បានចេញមុខថ្កោលទោសលើការវាយប្រហារនេះ៕