អ.ដ.ក. ចេញកំណត់ហេតុបញ្ចប់វិវាទលើករណីសំណុំរឿងដីធ្លីដោយជោគជ័យ ក្រោយភាគីដាក់ពាក្យស្នើសុំត្រឹមរយៈពេល ២ថ្ងៃ
ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា (អ.ដ.ក.) បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើករណីសំណុំរឿងវិវាទដីធ្លីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពី លោកស្រីមេធាវី លី រ៉ានាថ ជាតំណាងឱ្យភាគីវិវាទបានដាក់ពាក្យស្នើសុំរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទមក អ.ដ.ក. កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ផ្អែកតាមពាក្យស្នើសុំខាងលើ លោក អែម ប៊ុន្នី និងលោក ងន សុខជា ដែលជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយអនុលោមតាមខ្លឹមសារនៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើទ្បើងដោយមេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។
ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើទ្បើងក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ផងដែរថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មេធាវី ដែលបានសម្រុះសម្រួលផ្សះផ្សាវិវាទដោយជោគជ័យជូនភាគីវិវាទ អាចដាក់ពាក្យស្នេីសុំមក អ.ដ.ក. ដេីម្បីរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
សម្រាប់ព័ត៌មានបន្ថែមអំពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) សាធារណជនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៩ ៤៥៦ ១៥៦/ ០៩៩ ៩៨ ៣៣ ៥៨/ ០៩៣ ៩៨ ៣៣ ៥៨ ឬតាមរយៈអាសយដ្ឋានមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬតាមរយៈហ្វេសប៊ុកផេក និងតេឡេក្រាមផ្លូវការរបស់ អ.ដ.ក.៕