ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជំរុញនិងពង្រីកកំពង់ផែនឹងធ្វើឱ្យផែរបស់កម្ពុជាអាចប្រកួតប្រជែងបាន។
ថ្លែងក្នុងពិធីសម្ពោធចំណតផែកុងតឺន័របន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាត្រូវច្នៃអ្វីដែលខ្លួនឯងមាន និងថាចំណតផែកុងតឺន័របន្ថែម មានប្រវែង ២៥៣ម៉ែត្រនេះ នឹងក្លាយជាជម្រើសបន្ថែមទៀតក្នុងការទាក់ទាញនាវាដឹកទំនិញធំៗមកកាន់កម្ពុជាកាន់តែច្រើន។
សម្ដេចថា៖ «ឥឡូវយើងកំពុងរាជអានេះបានជីកជម្រៅថែមបាន ១១,៥ម៉ែត្រប្រភេទកប៉ាល់ដែលដឹកនៅអាស៊ីប៉ាស៊ីហ្វិកអាចចូលមកដល់៤៩,២៥% ហើយកម្រិតចរាចរណ៍ក្នុងពិភពលោកបាន ៣៨%»។
សូមរម្លឹកថា គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ មានប្រវែង ២៥៣ម៉ែត្រ បានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់នូវមធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់ កុងតឺន័រនៅគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេងទៀត ដែលនឹងជួយ បង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះបានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។
ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនTEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥%។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ។
បើគិតត្រឹមរយៈពេល ៧ខែ ឆ្នាំ ២០២៤នេះ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណ ៥,៧លានតោន កើនឡើងខ្ពស់ ២៦,៥២% ក្នុងនោះ បរិមាណកុងតឺន័រឆ្លងកាត់សម្រេចបានជាង ៥៧ម៉ឺនTEUs កើនឡើងខ្ពស់ ២៦,១៨% និងចំណូលអាជីវកម្មមានចំនួនសរុបប្រមាណជាង ៦៦លានដុល្លារអាម៉េរិក កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលជាកំណើនដ៏ខ្ពស់ពុំធ្លាប់មានពីមុនមក៕