តុលាការជាន់ខ្ពស់កេនយ៉ាបង្គាប់ឱ្យផ្អាកគម្រោងសិក្សាជួលអាកាសយានដ្ឋានអន្តរជាតិទៅឱ្យក្រុមហ៊ុនឥណ្ឌា
កេនយ៉ា៖ តុលាការជាន់ខ្ពស់របស់ប្រទេសកេនយ៉ាបានបង្គាប់ឱ្យផ្អាកជាបណ្ដោះអាសន្ននូវកិច្ចព្រមព្រៀងមួយសម្រាប់ក្រុមហ៊ុន Adani Group របស់ឥណ្ឌា ដែលបានស្នើឱ្យមានការផ្តល់សិទ្ធិជួលអាកាសយានដ្ឋាន Jomo Kenyatta រយៈពេល ៣០ឆ្នាំ ជាថ្នូរនឹងការពង្រីក និងកែលម្អអាកាសយានដ្ឋានដ៏សំខាន់របស់ប្រទេសនៃទ្វីបអាហ្វ្រិកនេះ។
នៅក្នុងលិខិតស្នើសុំរួមមួយ សមាគមមេធាវីនៃប្រទេសកេនយ៉ា (LSK) និងគណៈកម្មាធិការសិទ្ធិមនុស្សកេនយ៉ា (KHRC) បានថ្លែងទៅកាន់តុលាការថា ប្រទេសកេនយ៉ាគប្បីព្យាយាមក្នុងការស្វែងរកថវិកាប្រមាណ ១,៨៥ពាន់លានដុល្លារអាមេរិក ដើម្បីអាចធ្វើទំនើបកម្មអាកាសយានដ្ឋានក្នុងរដ្ឋធានី ណៃរ៉ូប៊ី (Nairobi) ដោយខ្លួនឯងបាន។
សមាគមមេធាវី (LSK) និងគណៈកម្មាធិការសិទ្ធិមនុស្ស (KHRC) របស់កេនយ៉ាថ្លែងថា ការជួលអាកាសយានដ្ឋានអន្តរជាតិ Jomo Kenyatta International Airport (JKIA) ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំបំផុតក្នុងតំបន់អាហ្រ្វិកខាងកើតក្នុងរយៈពេល ៣០ឆ្នាំទៅឱ្យក្រុមហ៊ុនឯកជន គឺហាក់មិនមានតម្លៃសមរម្យ ក៏ដូចជាគំរាមកំហែងដល់ការបាត់បង់ការងារ និងហានិភ័យនៃសារពើពន្ធជាដើម។ ប្រធានសមាគមមេធាវីកេនយ៉ាអះអាងថា តុលាការជាន់ខ្ពស់កំពុងពិនិត្យ និងពិចារណាផ្លូវច្បាប់ដែលជំទាស់ទៅនឹងការជួលអាកាសយានដ្ឋាន JKIA ទៅកាន់ក្រុមហ៊ុន Adani របស់ឥណ្ឌា។
មកទល់ពេលនេះ ក្រុមហ៊ុន Adani មិនទាន់មានការឆ្លើយតបណាមួយជុំវិញបញ្ហានេះទេ ខណៈអ្នកនាំពាក្យនៃអាជ្ញាធរអាកាសយានដ្ឋានកេនយ៉ា សុំមិនធ្វើការអត្ថាធិប្បាយណាមួយទៅលើហេតុផលតាមផ្លូវច្បាប់របស់តុលាការនោះទេ។ ដោយឡែក កាលពីខែសីហាកន្លងទៅ សហជីពបុគ្គលិកអាកាសចរណ៍កេនយ៉ាបានអំពាវនាវឲ្យមានកូដកម្មជុំវិញកិច្ចព្រមព្រៀងដែលបានស្នើឡើង ដោយនិយាយថា កិច្ចព្រមព្រៀងនេះនឹងនាំឲ្យមានការបាត់បង់ការងារ និងអាចនាំមកវិញនូវបុគ្គលិកបរទេសឱ្យមកបម្រើការងារក្នុងអាកាសយានដ្ឋានកេនយ៉ា។
រដ្ឋាភិបាលនៃប្រទេសកេនយ៉ាបញ្ជាក់ថា អាកាសយានដ្ឋានកំពុងដំណើរការលើសពីសមត្ថភាពរបស់វា និងត្រូវការឱ្យមានទំនើបកម្ម ប៉ុន្តែមិនមែនជាការលក់អាកាសយានដ្ឋានឡើយ។ យ៉ាងណាមិញ មកទល់ពេលនេះនៅមិនទាន់មានការសម្រេចជាក់លាក់ណាមួយថានឹងត្រូវមានដំណោះស្រាយយ៉ាងណាឡើយ ប៉ុន្តែគេមាននូវភាពជាដៃគូសាធារណៈ និងឯកជនដែលបានស្នើឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានអន្តរជាតិនេះ។ ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលកេនយ៉ាបានប្រកាសប្តេជ្ញាការពារផលប្រយោជន៍ជាតិទៅលើគម្រោងកែលម្អអាកាសយានដ្ឋាននេះ៕