សហរដ្ឋអាមេរិក៖ តារាចម្រៀងដ៏ល្បីល្បាញ Taylor Swift បានចេញមុខគាំទ្របេក្ខភាពប្រធានាធិបតី លោកស្រី Kamala Harris ក្រោយពីកិច្ចពិភាក្សាដេញដោលតស៊ូមតិរវាងបេក្ខភាពប្រធានាធិបតីទាំងពីរបានបញ្ចប់ និងបានលើកសរសើរជាខ្លាំងចំពោះលោកស្រី Kamala Harris ដែលតារាចម្រៀងរូបនេះជឿជាក់ថាលោកស្រី Harris នឹងអាចដឹកនាំសហរដ្ឋអាមេរិកបានប្រកបដោយភាពស្ងប់ស្ងាត់ជាជាងភាពវឹកវរ។
តាមរយៈសារលើបណ្ដាញសង្គម Instagram ដែលមានអ្នកចុចតាមដានប្រមាណ ២៨០លាននាក់ តារាចម្រៀង Taylor Swift បានសរសេរចំៗថា នាងនឹងបោះឆ្នោតឱ្យលោកស្រី Kamala Harris និងលោក Tim Walz នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។
Taylor Swift ក៏បានបង្ហាញនូវចំណាប់អារម្មណ៍គាំទ្របេក្ខភាពអនុប្រធានាធិបតី លោក Tim Walz ផងដែរ ដោយនាងយល់ថាលោកគឺជាបុគ្គលដែលមានជំហរគាំទ្រទៅលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា LGBTQ+, បញ្ហាទាក់ទងនឹងការបង្កកំណើត IVF, និងបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាលើបញ្ហាសិទ្ធិស្រ្តី។ ឆ្លើយតបនឹងការលើកឡើងនេះ លោក Tim Walz តាមរយៈកិច្ចសម្ភាសន៍មួយបានថ្លែងអំណរគុណទៅកាន់កំពូលតារាចម្រៀង Pop រូបនេះ ព្រមទាំងបានជូនពរទៅកាន់នាង និងអ្នកគាំទ្រទាំងអស់នៅជុំវិញពិភពលោកផងដែរ។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ លោក Trump បានបង្ហោះរូបភាពមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជារូបភាពក្លែងក្លាយមួយបង្ហាញពីសកម្មភាព Taylor Swift ស្នើសុំឱ្យប្រជាជនបោះឆ្នោតឱ្យលោក Trump សម្រាប់ការបោះឆ្នោតនៅក្នុងខែវិច្ឆិកា។ Taylor Swift បានឆ្លើយតបទៅនឹងការបង្ហោះសារនោះដោយនិយាយថា «វាពិតជាគួរឱ្យភ័យខ្លាច និងបារម្ភណាស់ពី AI ក៏ដូចជាគ្រោះថ្នាក់នៃការផ្សព្វផ្សាយព័ត៌មានមិនពិត»៕