វៀតណាមចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់ទំនាប ខណៈព្យុះទីហ្វុង Yagi បន្តវាយប្រហារលើរដ្ឋធានីហាណូយ
វៀតណាម៖ ប្រជាជនរាប់ពាន់នាក់ដែលរស់នៅតាមបណ្ដោយដងទន្លេក្រហមនៃរដ្ឋធានីហាណូយត្រូវបានជម្លៀសចេញពីលំនៅដ្ឋាននៅថ្ងៃពុធនេះ ស្របពេលដែលកំពស់ទឹកបានហក់ឡើងខ្លាំងរហូតដល់លិចផ្លូវអមមាត់ទន្លេ ខណៈឥទ្ធិពលនៃព្យុះទីហ្វុង Yagi នៅតែបន្តវាយប្រហារលើភាគខាងជើងប្រទេសវៀតណាម បណ្ដាលឱ្យចំនួនមនុស្សស្លាប់កើនឡើងដល់ ១៤៣នាក់ហើយ គិតត្រឹមព្រឹកថ្ងៃពុធនេះ។
Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតនៅអាស៊ីឆ្នាំនេះ បានបោកបក់មកលើឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ ហើយបានបន្តរំកិលខ្លួនឆ្ពោះទៅភាគខាងលិច ដោយវាយប្រហារលើទីក្រុងហាណូយ និងបានបោកបក់ទៅលើខេត្តផ្សេងៗមួយចំនួនទៀតនៅតាមបណ្ដោយទន្លេក្រហម ជាមួយនិងកម្លាំងខ្យល់ប្រហែល ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង រួមជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំងឥតឈប់ឈរផងដែរ។
ពលរដ្ឋដែលរស់នៅទីក្រុងហាណូយបានលើកឡើងថា នេះគឺជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយ ដែលជាក់ស្ដែងកាលពីម្សិលមិញមេឃក្ដៅ និងស្រឡះធម្មតា ប៉ុន្តែថ្ងៃ (ពុធ) នេះផ្លូវជាច្រើនខ្សែត្រូវជន់លិចដោយទឹកជំនន់ដែលហក់ឡើងភ្លាមៗកាលពីយប់មិញនេះ។ ប្រភពព័ត៌មានពីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបញ្ជាក់ថា សាលារៀនមួយចំនួននៅទីក្រុងហាណូយ បានប្រកាសផ្អាកសកម្មភាពបង្រៀន ០១សប្តាហ៍ ដោយសារការព្រួយបារម្ភពីបញ្ហាទឹកជំនន់ ខណៈពលរដ្ឋរាប់ពាន់នាក់ដែលរស់នៅតាមតំបន់ទំនាបត្រូវបានជម្លៀសចេញ។
ទឹកជំនន់ និងហេតុការណ៍រអិលបាក់ដីនៅតាមបណ្ដាខេត្តផ្សេងៗមួយចំនួនទៀតនៅតែបន្តកើតមាន ដោយទិន្នន័យចុងក្រោយបង្អស់ពីអាជ្ញាធរបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤៣នាក់ ខណៈមនុស្ស ៥៨នាក់ផ្សេងទៀតបានបន្តបាត់ខ្លួន។ ក្រៅពីប៉ះពាល់ដល់អាយុជិវិតមនុស្ស ព្យុះទីហ្វុង Yagi ក៏បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រោងចក្រជាច្រើនកន្លែង រួមទាំងឃ្លាំងស្តុកទំនិញក្នុងមជ្ឈមណ្ឌលឧស្សាហកម្មដែលផ្តោតលើការនាំចេញរបស់វៀតណាមភាគខាងជើង ដោយបង្ខំឱ្យរោងចក្រជាច្រើនបានបិទទ្វារ និងរំពឹងថាអាចចំណាយពេលច្រើនសប្តាហ៍ទើបអាចបន្តប្រតិបត្តិការពេញលេញឡើងវិញបាន៕