សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ
សាធារណរដ្ឋកូរ៉េ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។
ជាកិច្ចចាប់ផ្ដើម លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញមកវិមានរដ្ឋសភាកូរ៉េ។ ប្រធានសភាកូរ៉េ បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំកម្ពុជាសម្រេចបានសុខសន្តិភាព និងការរីកចម្រើន។ លោកក៏បានអបអរសាទរជាថ្មីចំពោះ សម្ដេចតេជោដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភា។
ប្រធានរដ្ឋសភាកូរ៉េក៏បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដោយលោកបានដឹងថា សម្ដេចតេជោ បានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងការកសាងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយបានស្ដារនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៧។ លោកក៏សង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងកាន់តែរីកចម្រើនច្រើនថែមទៀតនៅពេលអនាគត។
ប្រធានរដ្ឋសភាកូរ៉េ បានជម្រាបសម្ដេចផងដែរថា កម្ពុជាបានបង្កើតឡើងហើយក្រុមមិត្តភាពព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ជាមួយសភានៃសាធាណរដ្ឋកូរ៉េ ហើយលោកសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបង្កើតក្រុមមិត្តភាពនេះឡើង ខណៈកូរ៉េសន្យាថានឹងបង្កើតឡើងនៅពេលឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានេះ លោកបានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង សាធារណរដ្ឋកូរ៉េ និងកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាកន្លងមក។
ប្រធានរដ្ឋសភាកូរ៉េ ក៏បានស្នើសុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងសម្រួលដល់ការវិនិយោគរបស់ប្រទេសកូរ៉េផងដែរ ដើម្បីអាចមានលទ្ធភាព និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។ ការឯកភាពគ្នាបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុនកូរ៉េ ដែលបានព្រមព្រៀងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងមកនេះ ខាងភាគីកូរ៉េនឹងរៀបចំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យចេញជារូបរាង។
ជាមួយគ្នានេះ កូរ៉េនឹងបន្តដើរតួនាទីសំខាន់ ក្នុងការផ្តល់នូវគម្រោងអូឌីអេ (ODA) ដើម្បីគាំទ្រដល់ការរីកចម្រើន និងការរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារ KOICA របស់កូរ៉េ ក៏បានការចូលរួមចំណែកក្នុងការដោះមីន និងគម្រោងជាច្រើនទៀត នៅពេលបច្ចុប្បន្នក៏ដូចជានៅពេលអនាគត។ លោកប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ក៏បានរីករាយផងដែរចំពោះកិច្ចសហប្រតិបត្តិការនានា ដែលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងដើម្បីការប្រែប្រួលអាកាសធាតុដែលសង្កេតឃើញថា ប្រទេសកម្ពុជាបានខិតខំយ៉ាងច្រើន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បាននិងកំពុងគាំទ្រលើគម្រោងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសកម្មភាពនានាជុំវិញគម្រោងមេគង្គកូរ៉េផងដែរ។
លោកប្រធានរដ្ឋសភាកូរ៉េ បានសម្តែងនូវការរីករាយដោយឃើញថា ទំហំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានការកើនឡើងវិញ បន្ទាប់ពីសម័យកូវីដ ដោយកម្ពុជាមានធម្មជាតិស្រស់ស្អាត មានប្រាសាទបុរាណជាពិសេស គឺប្រាសាទអង្គរវត្ត។ លោកបញ្ជាក់ថា លោកបានខិតខំសម្រួលយ៉ាងណា លើកលែងសេវាទេសចរណ៍ជាក្រុមសម្រាប់ប្រជាជនកម្ពុជា មកកាន់ប្រទេសកូរ៉េផងដែរ ហើយសង្ឃឹមថាទំហំទេសចរទៅវិញទៅមកនឹងមានការកើនឡើង។ បន្ថែមពីនេះ លោកបានជម្រាបសម្តេចតេជោប្រធានព្រឹទ្ធសភាដែរថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានខិតខំសម្រួល និងការពារពលរដ្ឋកម្ពុជាដែលកំពុងរស់នៅសាធាណរដ្ឋកូរ៉េប្រមាណជា ៦ម៉ឺននាក់ ដោយកែសម្រួលលម្អលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងការពារពលករទាំងនោះឱ្យបានត្រឹមត្រូវ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋសភាកូរ៉េ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចជាលើកដំបូងក្នុងឋានៈជា អង្គការនីតិបញ្ញត្តិ។ សម្តេចតេជោ ក៏បានអបអរសាទរ លោក អ៊ូ វ៉ន់ស៊ីក ដែលត្រូវបានតែងតាំងជាប្រធានសភាកន្លងមកនេះ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាកូរ៉េ ដែលបានលើកទឹកចិត្តឱ្យមានការរីកចម្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានសម្តែងការរីករាយផងដែរ ចំពោះទំនាក់ទំនងកម្ពុជា និងកូរ៉េ ដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ។ សម្ដេចបានរំឭកផងដែរថា ការផ្តួចផ្តើមឱ្យមានទំនាក់ទំនងឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិតជាមិនងាយស្រួលឡើយ ពោលសម្ដេចបានតស៊ូស្វិតស្វាញ និងខិតខំធ្វើឲ្យទំនាក់ទំនងចាប់តាំងពីឆ្នាំ១៩៩៦មកធ្វើឲ្យទំនាក់ទំនងនេះ មានប្រក្រតីភាពឡើងវិញ ហើយរហូតមកដល់ពេលនេះមានការរីកចម្រើនទាំងក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពថា សម្ដេចផ្ទាល់បានរួមចំណែក ដល់ការបង្កើតនូវទំនាក់ទំនងនេះហើយពេញចិត្តចំពោះការរីកលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែក និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ក៏មិនភ្លេចឱកាសក្នុងការសម្ដែងការដឹងគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលពុំបានបិទច្រកចេញចូលចំពោះកម្ពុជា នៅពេលដែលមានជំងឺរាតត្បាតកូវីដ១៩ ដោយរក្សាការហោះហើរធម្មតា ហើយដែលជាច្រកចេញសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសចេញចូលទៅក្នុងប្រទេសកម្ពុជា។
សម្ដេចបានចាត់ទុកថា ការមិនបិទច្រកហោះហើរសម្រាប់កម្ពុជាចេញទៅខាងក្រៅនេះ គឺជាប្រការមួយល្អប្រសើរធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការរីកចម្រើន និងយល់ដឹងគ្នាច្រើនថែមទៀត។ សម្តេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា តាមរយៈការបើកព្រលានយន្តហោះថ្មីនៅសៀមរាប និងគម្រោងបើកព្រលានយន្តហោះថ្មីនៅភ្នំពេញនាឆ្នាំក្រោយនេះ នឹងជួយពង្រីកថែមទៀតលើទំហំទេសចរណ៍កាន់តែច្រើនថែមទៀត។
សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េផងដែរដែលបានផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារដែលធ្វើឲ្យគេស្នាក់នៅបំពេញការងារ ហើយពេលត្រឡប់ទៅកម្ពុជាវិញបាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ប្រទេសទាំងពីរសាធាណរដ្ឋកូរ៉េ និងកម្ពុជាជាប្រទេសដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជាបានរៀបការជាមួយជនជាតិកូរ៉េច្រើនប្រមាណជា ៨,០០០នាក់ ជីវិតកូនចៅរហូតដល់ទៅប្រមាណជា៧៥,០០០នាក់។ សម្ដេចសំណូមពរឲ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋទាំងអស់នោះបានរៀនភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណផងដែរចំពោះ សាធារណរដ្ឋកូរ៉េ ដែលបានជួយបណ្តុះបណ្តាលកីឡាករកម្ពុជា ក្នុងការចូលរួមប្រកួតជាមួយ កីឡាស៊ីហ្គេមនៅកម្ពុជា កាលពីឆ្នាំ២០២២កន្លងមកនេះ ដែលក្នុងនោះក៏មានវត្តមានរបស់កីឡាករស្នុកឃីដ៏ល្បីរបស់កូរ៉េជាជនជាតិខ្មែរផងដែរ។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរ និងអបអរសាទរចំពោះការកើនឡើងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មមានការកើនឡើង ហើយសូមថ្លែងអំណរគុណ និងសូមឲ្យរដ្ឋាភិបាលកូរ៉េជំរុញឲ្យអ្នកវិនិយោគទុនច្រើនថែមទៀតទៅកម្ពុជា។ បច្ចុប្បន្ននេះកម្ពុជាមិនគ្រាន់តែឈានដែលពីមុនជាអ្នកនាំចូល ឥឡូវនេះកម្ពុជាមានលទ្ធភាពក្នុងការផលិតដើម្បីនាំចេញផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកថា សម្តេច និងលោក មូន ជេអ៊ីន បានពិភាក្សាគ្នា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយពេលនេះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងរដ្ឋាភិបាលកូរ៉េ បានចុះកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ តាមរយៈកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺអាចនឹងចេញជារូបរាង ដែលបង្កលក្ខណៈឲ្យអ្នកវិនិយោគកូរ៉េ ទៅមកវិនិយោគនៅកម្ពុជា មានការកើនឡើងសម្រាប់ធ្វើការកែច្នៃ និងនាំចេញមកកូរ៉េវិញ។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជម្រាបផងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំការពារអ្នកវិនិយោគទុនកូរ៉េ និងខិតខំប្រឹងប្រែងដើម្បីការពារធានានូវសុខសន្តិភាពជារួមសម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់។
សម្ដេចក៏បានថ្លែងនូវការអបអរសាទរ និងទន្ទឹងរង់ចាំការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលនឹងឆ្លងទន្លេសាប និងទន្លេមេគង្គ ដែលអាចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលកំពុងបន្តជួយផ្លូវជាតិលេខ៤៨, លេខ២ និងលេខ២១។
សម្ដេចតេជោ បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់សាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់កម្រិតកិច្ចប្រជុំមេគង្គជប៉ុនពីថ្នាក់រដ្ឋមន្ត្រីការបរទេស ទៅជាកិច្ចប្រជុំកំពូល។ ប៉ុន្ដែសម្ដេចបង្ហាញការសោកស្ដាយដែលកិច្ចប្រជុំនេះ មិនអាចប្រព្រឹត្តទៅបានដោយសារបញ្ហាមីយ៉ាន់ម៉ា។ ទោះជាយ៉ាងនេះក៏ដោយ គម្រោងនានាដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការមេគង្គជប៉ុន ត្រូវបន្តជាធម្មតាមិនត្រូវឲ្យមានស្ទះរាំងដោយសារវិបត្តិនៅមីយ៉ាន់ម៉ានោះទេ។ សម្ដេចគូសបញ្ជាក់ថា គម្រោងមេគង្គជប៉ុននានា បានជួយទាក់ទងទៅដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពនៃការថែទាំប្រទេសនៅតាមដងទន្លេ ផ្នែកអេកូឡូស៉ីផងដែរ។ សម្ដេចក៏បានជម្រាបផងដែរ អំពីការលះបង់អំណាច ហើយរៀបចំឱ្យមាននការផ្លាស់ប្តូរមកអ្នកជំនាន់ក្រោយ ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពរយៈពេលវែង។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញលោក អ៊ូ វ៉ន់ស៊ីក ប្រធានសភានៃសាធារណរដ្ឋកូរ៉េ បំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្របនៅពេលខាងមុខ៕