អគ្គលេខាធិការ UN៖ «សង្គ្រាមនៅតំបន់ហ្គាហ្សាគឺជាការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងអាណត្តិជាង ៧ឆ្នាំរបស់ខ្ញុំ»
អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញានេះថា អង្គការសហប្រជាជាតិបានស្នើឱ្យត្រួតពិនិត្យ និងពន្លឿនឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា និងទាមទារឱ្យបញ្ចប់សង្គ្រាមដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងអាណត្តិរយៈពេលជាង ៧ឆ្នាំរបស់លោក។
លោក Antonio Guterres អគ្គលេខាធិការ UN ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press ថា វាទំនងជាមិនពិតទេ (មិនអាចទៅរួច) ដែលរំពឹងថា UN នឹងអាចដើរតួនាទីសំខាន់នៅលើតំបន់ហ្គាហ្សា ទាំងការជួយគ្រប់គ្រងទឹកដី ឬការផ្តល់កម្លាំងរក្សាសន្តិភាព ពីព្រោះអ៊ីស្រាអែលទំនងជាមិនទទួលយកការចាត់ចែងពីសំណាក់អង្គការសហប្រជាជាតិឡើយ។
លោក Antonio Guterres ថ្លែងថា៖ "UN នឹងគាំទ្រជានិច្ចនូវរាល់បទឈប់បាញ់ទាំងអស់"។ គួរបញ្ជាក់ថា អង្គការសហប្រជាជាតិមានបេសកកម្មត្រួតពិនិត្យលើយោធានៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានគេស្គាល់ថា UNTSO មានវត្តមានតាំងពីឆ្នាំ១៩៤៨ ដែលអគ្គលេខាធិការ UN ថ្លែងថា នេះគឺជាអ្វីដែលយើងនឹងដាក់នៅលើតុចរចាដើម្បីគាំទ្រដល់ការជំរុញឱ្យមានបទឈប់បាញ់។ លោក Guterres បន្តថា៖ "ពិតណាស់! យើង (UN) នឹងត្រៀមដើម្បីផ្តល់នូវអ្វីដែលជាការស្នើសុំពីសហគមន៍អន្តរជាតិ។ ប៉ុន្តែអ្វីដែលជាបញ្ហាគឺថា តើភាគីនានា ជាពិសេសអ៊ីស្រាអែលនឹងទទួលយកដែរឬទេ"?
ដោយសង្កត់ធ្ងន់លើភាពបន្ទាន់នៃបទឈប់បាញ់នៅពេលនេះ លោក Guterres ថ្លែងដូច្នេះថា “កម្រិតនៃភាពរងទុក្ខក្នុងតំបន់ហ្គាហ្សាដែលគ្រប់គ្នាកំពុងបានឃើញដោយផ្ទាល់ភ្នែកនៅពេលនេះ គឺមិនធ្លាប់មានពីមុនឡើយក្នុងអាណត្តិរបស់ខ្ញុំក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ខ្ញុំមិនធ្លាប់ឃើញរូបភាពនៃការស្លាប់ និងការបំផ្លិចបំផ្លាញដូចអ្វីដែលកំពុងកើតមានក្នុងតំបន់ហ្គាហ្សានៅរយៈពេលប៉ុន្មានខែចុងក្រោយនេះទេ"។
បើតាមអាជ្ញាធរសុខាភិបាលនៃតំបន់ហ្គាហ្សាបញ្ជាក់ថា សង្គ្រាមដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនជាង ៤០,៩០០ នាក់ និងបានបណ្ដាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើតំបន់នេះ និងនាំឱ្យមានការជម្លៀសប្រជាជនប្រមាណជា ២លាននាក់ដោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែល៕