វៀតណាម៖ ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់នៅតែបន្តមមាញឹកយ៉ាងខ្លាំងនាថ្ងៃទី១០ ខែកញ្ញានេះ ខណៈអ្នកស្លាប់ដោយសារព្យុះទីហ្វុង យ៉ាកជី (Yagi) បានកើនឡើងដល់ ៦៣នាក់ និងមានជនរងគ្រោះប្រមាណ ៤០នាក់ទៀតត្រូវបានបាត់ខ្លួន។ បន្ថែមពីនេះ ប្រភពពីអាជ្ញាធរបញ្ជាក់ថា មានមនុស្សជិត ៨០០នាក់បានរងរបួសដោយសារតែបញ្ហាទឹកជំនន់ និងការរអិលបាក់ដី។
ព្យុះទីហ្វុង យ៉ាកជី គឺជាព្យុះដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាបំផុតក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយដែលបានវាយប្រហារទៅលើភាគខាងជើងប្រទេសវៀតណាម បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងធ្ងន់ធ្ងរចាប់តាំងពីថ្ងៃសៅរ៍មក ជាមួយកម្លាំងខ្យល់បក់ក្នុងល្បឿនជាង ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាក់ស្ដែង តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត Pu Tho បានឲ្យដឹងថា ស្ពានមួយដែលមានអាយុកាលជាង ៣០ឆ្នាំ ឆ្លងកាត់ទន្លេក្រហមបានបាក់ខូចខាតទាំងស្រុង បណ្ដាលឱ្យមនុស្ស ៨នាក់បានបាត់ខ្លួនក្នុងហេតុការណ៍នេះ។
ជនរងគ្រោះម្នាក់ក្នុងហេតុការណ៍បាក់ស្ពានខាងលើរៀបរាប់ថា នៅថ្ងៃកើតហេតុលោកកំពុងជិះម៉ូតូលើស្ពាន ស្រាប់តែឮសំឡេងបាក់យ៉ាងខ្លាំង ហើយភ្លាមៗនោះលោកក៏ធ្លាក់ចូលក្នុងទន្លេតែម្តង។ លោកបន្តថា ដើម្បីបានរួចជីវិតលោកព្យាយាមស្រវ៉េស្រវ៉ាហែលទឹក និងតោងលើដើមចេកដែលអណ្តែតទឹក មុនពេលក្រុមសង្គ្រោះបានប្រទះឃើញ និងជួយលោក។
បច្ចុប្បន្ននេះ បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឱ្យដឹងថា អាជ្ញាធរបានធ្វើការហាមឃាត់ ឬកំណត់ការធ្វើចរាចរណ៍ជាបន្តបន្ទាប់នៅលើស្ពានឆ្លងកាត់ទន្លេផ្សេងទៀត រួមទាំងស្ពាន Chuong Duong ក្នុងទីក្រុងហាណូយផងដែរ៕