ទីម័រខាងកើត៖ សម្តេចប៉ាប Francis បានអញ្ជើញដល់ប្រទេសទីម័រខាងកើតហើយនៅថ្ងៃទី០៩ ខែកញ្ញានេះ ដែលប្រមុខសាសនាគ្រិស្ត និកាយកាតូលិកខាងលើនឹងចំណាយពេល ៣ថ្ងៃក្នុងដំណើរទស្សនកិច្ចនេះ ស្របពេលមានការរំពឹងថាប្រជាជនប្រមាណពាក់កណ្ដាលប្រទេស ពោលគឺជាង ៧០ម៉ឺននាក់នឹងមានវត្តមានក្នុងពិធីជាសាធារណៈមួយដែលធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាគ្រិស្តច្រើនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
សម្តេចសង្ឃដែលមានវ័យ ៨៧ឆ្នាំកំពុងមានវត្តមានក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទ្វីបអូសេអានី ដែលជាការធ្វើដំណើរក្រៅប្រទេសដែលមានរយៈពេលវែងបំផុតមិនធ្លាប់មានរបស់លោក។ លោកបានអញ្ជើញដល់ប្រទេសទីម័រខាងកើត បន្ទាប់ពីសម្តេចសង្ឃទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសប៉ាពួរ ញូវហ្គីណេ។
សម្តេចប៉ាប Francis បានអញ្ជើញដល់ទីក្រុង Dili ដែលជារដ្ឋធានីនៃប្រទេសទីម័រខាងកើតនៅរសៀលថ្ងៃចន្ទនេះ ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកប្រធានាធិបតី Jose Manuel Ramos-Horta ជាមួយការទទួលបដិសណ្ឋារកិច្ចបែបប្រពៃណីយ៉ាងកក់ក្ដៅបំផុត។ ក្នុងនោះផងដែរ គេសង្កេតឃើញមានប្រជាជនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅក្រៅអាកាសយានដ្ឋាន ដោយប្រើប្រាស់ឆ័ត្រពណ៌ស និងពណ៌លឿងបាំងថ្ងៃ និងជាការបង្ហាញការស្វាគមន៍ចំពោះវត្តមានសម្តេចសង្ឃដែលស្នាក់នៅទីក្រុង Vatican ផងដែរ។
ប្រទេសទីម័រខាងកើតជាប្រទេសក្មេងខ្ចីក្នុងតំបន់ដែលទទួលបានឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០២។ វត្តមានរបស់សម្តេចប៉ាប Francis គឺជាសម្តេចសង្ឃទីពីរហើយដែលមានវត្តមានលើដែនដីនេះ បន្ទាប់ពីវត្តមានសម្ដេចសង្ឃ John Paul II ដែលបានអញ្ជើញមកទស្សនកិច្ចកាលពីឆ្នាំ១៩៨៩ ដែលជាដំណើរជំរុញជាប្រវត្តិសាស្រ្តឱ្យមាននូវចលនាឯករាជ្យនៃរដ្ឋនេះ។
ទីម័រខាងកើតជាប្រទេសដែលមានអ្នកកាន់សាសនាកាតូលិកច្រើនជាងគេបំផុតនៅលើពិភពលោក ដោយប្រជាជនប្រមាណ ៩៦ភាគរយនៃប្រទេសនេះជាអ្នកមានជំនឿ និងប្រកាន់ខ្ជាប់នូវការគោរពសាសនាគ្រិស្ត និកាយកាតូលិក។ គេរំពឹងថាសម្ដេចសង្ឃ Francis នឹងមានជំនួបជាមួយប្រជាជនប្រមាណ ៧០០,០០០នាក់ នៅឯតំបន់ឆ្នេរ Tasitolu នៅថ្ងៃអង្គារស្អែកនេះ ដែលទីតាំងឆ្នេរខាងលើគឺជាចំណុចប្រវត្តិសាស្រ្តយ៉ាងជូរចត់សម្រាប់ប្រជាជនទីម័រក្នុងដំណើរស្វែងរកឯករាជ្យពីឥណ្ឌូណេស៊ី៕