គិតត្រឹមថ្ងៃចន្ទនេះ មនុស្ស ៣៥នាក់បានស្លាប់ និងជាង ២០នាក់បាត់ខ្លួនដោយឥទ្ធិពល «ព្យុះយ៉ាកជី» នៅភាគខាងជើងប្រទេសវៀតណាម
វៀតណាម៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពលខ្លាំងបំផុតប្រចាំទ្វីបអាស៊ីក្នុងឆ្នាំ២០២៤ ដែលមានឈ្មោះថា "យ៉ាកជី" (Yagi) បានផ្តាច់អាយុជីវិតមនុស្សរាប់សិបនាក់នៅភាគខាងជើងប្រទេសវៀតណាម និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ខណៈព្យុះនេះកំពុងបន្តដំណើរឆ្ពោះទៅកាន់ភាគខាងលិចជាបន្តទៀត។ នេះបើតាមការប៉ាន់ស្មានជំហានដំបូងរបស់រដ្ឋាភិបាលនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្របពេលដែលទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីបញ្ហាគ្រោះទឹកជំនន់ និងហេតុការណ៍រអិលបាក់ដីដែលនឹងអាចកើតឡើងបន្ថែមទៀត។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបញ្ជាក់ថា មានមនុស្សចំនួន ៣៥នាក់ត្រូវបានរាយការណ៍ថាស្លាប់ និងមានមនុស្ស ២៤នាក់កំពុងបាត់ខ្លួន ដែលបង្កឡើងដោយទឹកជំនន់ និងហេតុការណ៍រអិលបាក់ដីបណ្ដាលមកពីឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាកជីនេះ។ ព្យុះយ៉ាកជីបានចាប់ផ្តើមបោកបក់មកលើឆ្នេរសមុទ្រភាគឦសាននៃប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ ដែលជាទីតាំងប្រតិបត្តិ្កការ និងរោងចក្រធំៗរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស និងត្រូវបានស្ថាប័នជំនាញចាត់ថ្នាក់ជាព្យុះត្រូពិចកាលពីថ្ងៃអាទិត្យម្សិលមិញ។
ឥទ្ធិពលនៃព្យុះនេះបានបណ្ដាលឱ្យមានការកាត់ផ្តាច់ថាមពលអគ្គិសនីតាមគេហដ្ឋានរាប់លានខ្នង និងក្រុមហ៊ុនធំជាច្រើន និងបណ្ដាលឱ្យមានទឹកជំនន់លិចផ្លូវថ្នល់ និងប៉ះពាល់ដល់បណ្តាញទូរគមនាគមន៍ បាក់ស្ពាន និងនាំឱ្យមានការផ្អាកសកម្មភាពសេដ្ឋកិច្ចនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មជាច្រើនកន្លែង។ និយោជក និងកម្មករដែលបម្រើការងារនៅសួនឧស្សាហកម្ម និងរោងចក្រក្នុងទីក្រុង Haiphong ជាទីក្រុងមានប្រជាជនប្រមាណ ២លាននាក់ បានរាយការណ៍អំពីការដាច់ថាមពលអគ្គិសនី និងមានការលំបាកក្នុងការរស់នៅដោយដំបូលផ្ទះត្រូវប៉ើងដោយសារខ្យល់បក់។
ក្រុមហ៊ុន LG Electronics ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខារ និងគ្រឿងអេឡិចត្រូនិចធំមានមូលដ្ឋាននៅទីក្រុង Haiphong បានរាយការណ៍អំពីការខូចខាតខ្លាំងនៅលើទីតាំងរោងចក្ររបស់ខ្លួន ប៉ុន្តែមិនបណ្ដាលឱ្យបុគ្គលិក និងកម្មករណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។ អាជ្ញាធរក៏បានរាយការណ៍អំពីហេតុការណ៍បាក់ស្ពានមួយក្នុងខេត្ត Phu Tho នៅថ្ងៃចន្ទនេះផងដែរ ដោយស្ពានខាងលើគឺជាស្ពានដែលមមាញឹក ប៉៉ុន្តែគេនៅមិនទាន់ទទួលបានរបាយការណ៍អំពីអ្នកស្លាប់ និងអ្នករងរបួសក្នុងហេតុការណ៍នេះឡើយ៕