រដ្ឋមន្ត្រីការបរទេសអាមេរិកដាក់សម្ពាធអ៊ីស្រាអែល និងក្រុមហាម៉ាសឱ្យឆាប់សម្រេចបាននូវ «កិច្ចព្រមព្រៀងបទឈប់បាញ់»
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាសប្រញាប់បញ្ចប់នូវកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយឈរលើការវាយតម្លៃរបស់សហរដ្ឋអាមេរិកថា ៩០ភាគរយនៃកិច្ចព្រមព្រៀងនេះត្រូវបានឯកភាពរួចរាល់ហើយ។ លោក Antony Blinken ថ្លែងថា សហរដ្ឋអាមេរិកនឹងផ្តល់គំនិតជាធាតុចូលមួយចំនួនទៀតនៅប៉ុន្មានថ្ងៃខាងមុខ តាមរយៈអេហ្ស៊ីប និងកាតាដែលជាអ្នកសម្របសម្រួលបទឈប់បាញ់នេះ ដែលសង្ឃឹមថាភាគីទាំងអស់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានបដិសេធការវាយតម្លៃរបស់មន្ត្រីអាមេរិកដែលថាអះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានសម្រេចប្រមាណជា ៩០ភាគរយហើយ ដោយលោកថ្លែងថា «វាមិនទាន់ឈានដល់ចំណុចនោះទេ»។
យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហៃទី លោក Blinken បានវាយតម្លៃសាជាថ្មីថា កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ត្រូវសម្រេចបានប្រមាណជា ៩០ភាគរយហើយ។ លោកបញ្ជាក់ថា គ្រប់យ៉ាងដែលនៅសេសសល់គឺត្រូវពឹងផ្អែកលើភាគីទាំងពីរដែលជាអ្នកអនុវត្តបទឈប់បាញ់នេះ។ សហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានជំរុញឱ្យមានសំណើមួយដើម្បីកាត់បន្ថយគម្លាតរវាងភាគីទាំងពីរ ជាពិសេសសហរដ្ឋអាមេរិកបានបដិសេធនឹងការស្នើរបស់់លោក Netanyahu ដែលប៉ុនប៉ងដាក់កងទ័ពអ៊ីស្រាអែលមួយចំនួននៅតាមព្រំដែនរវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប។
លោក Blinken ថ្លែងថា លោកជឿជាក់លើលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលបានដាក់អាទិភាពកំពូលលើការធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតាជាមួយរដ្ឋអារ៉ាប់ និងអាចឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយអារ៉ាប៊ីសាអូឌីត៕