សហភាពអឺរ៉ុបបញ្ជាឱ្យត្រួតពិនិត្យយន្តហោះ Airbus A350 ក្រោយមានហេតុការណ៍ឆេះម៉ាស៊ីនយន្តហោះក្រុមហ៊ុន Cathay Pacific
អន្តរជាតិ៖ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ស្ថាប័នរបស់ខ្លួននឹងទាមទារឱ្យមានការត្រួតពិនិត្យឡើងវិញនៅលើចំណុចមួយចំនួននៃយន្តហោះ Airbus A350 ដែលកំពុងប្រតិបត្តិការអាជីវកម្មហោះហើរ បន្ទាប់ពីមានហេតុការណ៍ឆេះម៉ាស៊ីនរបស់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific។
ក្រុមហ៊ុន Rolls-Royce ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនសម្រាប់បំពាក់នៅលើយន្តហោះ A350 របស់ក្រុមហ៊ុន Cathay បញ្ជាក់ថា ខ្លួនកំពុងចាប់ផ្តើម កម្មវិធីត្រួតពិនិត្យទៅលើដោយម៉ាស៊ីនយ៉ាងប្រុងប្រយ័ត្នបំផុត និងសហការយ៉ាងជិតស្និទជាមួយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់សហភាពអឺរ៉ុប។ ក្រុមហ៊ុន Cathay Pacific ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលជាប្រតិបត្តិករដ៏ធំបំផុតមួយនៃយន្តហោះដឹកអ្នកដំណើរ A350 បានប្រកាសផ្អាកប្រតិបត្តិការយន្តហោះ A350 ចំនួន ៤៨គ្រឿងដើម្បីត្រៀមត្រួតពិនិត្យសុវត្ថិភាពនៅថ្ងៃចន្ទ ក្រោយហេតុការណ៍ឆេះម៉ាស៊ីនបណ្ដាលឱ្យជើងហោះហើរមួយបានលុបចោលភ្លាមៗ។
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះ A350-1000 បានជួបប្រទះនូវបញ្ហាម៉ាស៊ីន ដោយសារតែបំពង់បង្ហូរប្រេងសម្ពាធខ្ពស់មិនអាចដំណើរការបាន។ បើតាម EASA បន្ថែមថា បន្ទាប់ពីបានចុះចតបន្តិចក៏មានហេតុការណ៍ឆេះម៉ាស៊ីនយន្តហោះភ្លាម ប៉ុន្តែត្រូវបានគេប្រទះឃើញ និងពន្លត់ភ្លាមៗ។ EASA បានបញ្ជាឱ្យធ្វើការត្រួតពិនិត្យលើយន្តហោះ A350-1000s ដែលដំណើរការដោយម៉ាស៊ីន XWB-97 ដែលមានប្រមាណជា ៨៦គ្រឿងកំពុងធ្វើប្រតិបត្តិការហោះហើរនៅទូទាំងពិភពលោក។
យ៉ាងណាមិញ ការបង្គាប់ពីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុបនេះពុំមានការប៉ះពាល់ដល់យន្តហោះម៉ូដែល A350-900 ដែលមានយន្តហោះកំពុងធ្វើប្រតិបត្តិការប្រមាណជា ៥២៦ គ្រឿងនៅទូទាំងពិភពលោក។ ប្រតិបត្តិការត្រួតពិនិត្យនេះត្រូវបានគេរំពឹងថានឹងអាចចាយពេលពី ៣ថ្ងៃ ទៅ ៣០ថ្ងៃ។ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុបបញ្ជាក់បន្ថែមថា ការណែនាំនេះនឹងអនុវត្តចំពោះតែក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបដែលហោះហើរដោយយន្តហោះប្រភេទនេះ ដោយនិយតករនៅក្នុងបណ្ដាប្រទេសផ្សេងទៀតមានសិទ្ធិក្នុងការសម្រេចចិត្តថាតើត្រូវអនុវត្តវិធានការសុវត្ថិភាពនេះដែរឬអត់??